ផ្ទះតៀមឈើ ២ខ្នង ត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង ខណៈម្ចាស់ផ្ទះចេញទៅរើសគ្រាប់ចន្ទី
ខេត្តរតនគិរី ៖ ផ្ទះតៀមផ្ទាល់ដី សង់ពីឈើប្រក់ស័ង្កសី ២ខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នេះនៅចំណុច ហៅត្រពាំងកាច់ក ស្ថិតនៅក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដោយសារធ្វេសប្រហែស មិនពន្លត់ភ្លើងចង្ក្រាន ពេលចាកចេញពីផ្ទះ។
ប្រជាពលរដ្ឋដែលរស់នៅ ក្បែរផ្ទះកើតហេតុ បានអោយដឹងថា កាលពីវេលាម៉ោងខាងលើ គេឃើញហុយផ្សែង ចេញមកពីផ្ទះបាយ ធុំក្លិនឆៀមយ៉ាងខ្លាំង ហើយខណៈនោះ ម្ចាស់ផ្ទះបានចាក់សោទុកចោល ពុំមានអ្នកណាម្នាក់ នៅចាំផ្ទះនោះឡើយ។ ប្រភពបានបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ ហេង ជនជាតិខ្មែរ រៀងរាល់ថ្ងៃក្រុមគ្រួសារនេះ តែងតែចេញពីផ្ទះបាត់ៗ នាំគ្នាទៅរើសគ្រាប់ស្វាយចន្ទី ដោយមានការធ្វេសប្រហែស ពុំបានពន្លត់ភ្លើងចង្ក្រាន ក្រោយពេលចេញ ទៅបំពេញការងារ ត្រូវអគ្គីភ័យលេបត្របាក់ សន្ធោសន្ធៅ ឆេះខ្ទេចទ្រព្យសម្បត្តិទាំងស្រុង។
ទ្រព្យសម្បត្តិដែលខូចខាត រួមមាន ក្តារងឿរ តុ ទូ គ្រែ និងគ្រឿងសង្ហារឹម ព្រមទាំងសម្ភារៈមួយចំនួនធំ ក្លាយជាផេះគ្មានសល់។ ក្រោយពេលកើតហេតុ គេឃើញរថយន្តពន្លត់ អគ្គីភ័យរបស់ស្នងការ នគរបាលខេត្ត ចេញទៅជួយអន្តរាគមន៍ តែអកុសលផ្ទះមួយនេះ ត្រូវឆេះហ្មត់អស់ទៅហើយ រថយន្តទៅពន្លត់លែងទាន់ នៅសល់តែស័ង្កសី តែសំណាងល្អអគ្គិភ័យ ពុំបានរាលដាល ទៅដល់ផ្ទះប្រជាពលរដ្ឋជិតខាង និងប៉ះពាល់ដល់ជីវិត នរណាម្នាក់នោះឡើយ៕ ដោយ បានលុង
Source from: watphnom-news.com

Loading...
Loading...