អ្នកចម្រៀងស្រីម្នាក់ស្លាប់និងរបួស៧នាក់ដោយសាររថយន្តកុងតឺន័រក្រុមហ៊ុនសុកនបុករថយន្តក្រុមតន្ត្រីសម័យ
កាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង បង្កដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត សុកន បុកទៅលើរថយន្តដឹកក្រុមតន្ត្រីសម័យ បណ្តាលឲ្យអ្នកចម្រៀងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ និងរបួសធ្ងន់-ស្រាលរដូករណែលពេញផ្លូវចំនួន៧នាក់ទៀត ព្រមទាំងរបងផ្ទះប្រជាពលរដ្ឋខូចខាតបាក់អស់ជាង១០ម៉ែត្រ ខណៈរថយន្តបង្កខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង នៅលើកំណាត់ផ្លូវជាតិលេខ១ភូមិស្វាយតាទុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ជាប្រភេទរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតសុកន ពាក់ស្លាកលេខភ្នំពេញ 3A-6451 បើកបរដោយឈ្មោះ អ៊ុំ ឧត្តម ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ បន្សល់ទុកតែប័ណ្ណបើកបរនៅក្នុងរថយន្ត ។ រីឯរថយន្តដឹកក្រុមតន្ត្រីសម័យជាប្រភេទរថយន្តកូរ៉េ ចំណុះ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2R-0446 ដឹកឧបករណ៍តន្ត្រីផង និងមនុស្សផងចំនួន៨នាក់ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារធ្លាក់ពីលើរថយន្តបាក់ក មានឈ្មោះ ស្រី ផាត់ ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកចម្រៀង មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល និងអ្នកចម្រៀងស្ត្រីម្នាក់ទៀតឈ្មោះ ហ៊ុន គន្ធា អាយុ២៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រមទាំងក្រុមតន្ត្រីចំនួន៦នាក់រងរបួសស្រាល ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា ក្នុងនោះរថយន្តកុងតឺន័របើកក្នុងទិសដៅពីរាជធានីភ្នំពេញទៅអ្នកលឿង រីឯរថយន្តដឹកក្រុមតន្ត្រីទើបត្រឡប់មកពីប្រគំតន្ត្រីនៅអ្នកលឿង សំដៅមករាជធានីភ្នំពេញ រួចឆ្ពោះទៅព្រែកហូរ ដោយអ្នកចម្រៀងនិងតន្ត្រីករបានជិះនៅលើឧបករណ៍តន្ត្រី ដូចជាធុងបាស់ ។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែអ្នកបើកបរថយន្តកុងតឺន័ររេចង្កូតចូលទៅខាងចំណែកផ្លូវរបស់រថយន្តដឹកក្រុមតន្ត្រីសម័យ បណ្តាលឲ្យកៀរធ្លាក់អ្នកចម្រៀង និងតន្ត្រីករមកលើផ្លូវមានស្លាប់និងរបួសធ្ងន់-ស្រាល ព្រមទាំងរថយន្តបង្កបានជ្រុលទៅបុកចូលរបងផ្ទះប្រជាពលរដ្ឋបាក់អស់ជាង១០ម៉ែត្រ ធ្វើឲ្យរថយន្តកុងតឺន័រខូចខាតស្ទើរទាំងស្រុងនៅផ្នែកខាងមុខ ដោយអ្នកបើកបររត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ខណៈអ្នកស្លាប់ត្រូវសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សូមអ្នកបើកបរយានយន្តទាំងឡាយមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រកាន់គោលការណ៍ប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខដ៏សាហាវបំផុត ៕
Source from: www.dtn7.com

Loading...
Loading...