លោក សំ សុផល ហៅរ៉ែន បិទភ្នែកឲ្យមានអំពើពុករលួយ កេងប្រវ័ញ្ចរបបហូបចុករបស់អ្នកទោស បំពានសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ
ខេត្តព្រះសីហនុ ៖ ក្រសួងមហាផ្ទៃ ធ្លាប់បានចេញសារាចរណ៍ណែនាំ សឹងរាប់ភ្លេចទៅហើយ ឲ្យប្រធានពន្ធនាគារ គ្រប់ខេត្តរាជធានី យកចិត្តទុកដាក់គ្រប់គ្រង ពន្ធនាគារឲ្យស័ក្តិសម ជាមជ្ឈមណ្ឌលអប់រំ កែប្រែ និងយកចិត្តទុកដាក់ លុបបំបាត់អំពើពុករលួយ ឲ្យស្របតាមកំណែទម្រង់ស៊ីជម្រៅ ប៉ុន្តែរឿងពិតដែលកំពុងកើតមាន ក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលមានលោក សំ សុផល ហៅរ៉ែន ជាប្រធាន កំពុងកើតមានរឿងអាស្រូវពុករលួយ នៃការកិបកេងរបបហូបចុកអ្នកទោស ការកោសរូសបង្ខំឲ្យ គ្រួសារអ្នកជាប់ឃុំ បង់លុយពេលជួបសួរសុខទុក្ខសាច់ញាតិ ហើយជារឿយៗលោក សំ សុផល ហៅរ៉ែន បានប្រើប្រាស់កម្លាំងអ្នកទោស សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់ គោរពតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនោះទេ។
កាលពីឆ្នាំមុន ប្រជាពលរដ្ឋនិងអ្នកទេសចរ នៅក្នុងខេត្តព្រះសីហនុ បានជួបហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានឃើញ រថយន្តដឹកអ្នកទោសជាច្រើននាក់ បើកបរជុំវិញក្រុងព្រះសីហនុ ដឹកសម្ភារៈមានតុទូគ្រែ យកទៅដាក់នៅផ្ទះ របស់លោក សំ សុផល ហៅរ៉ែន ជាប្រធានពន្ធនាគារ ខេត្តព្រះសីហនុ។ អ្នកដែលមិនដឹងរឿង បានសម្តែងការភ្ញាក់ផ្អើល ចំពោះ ការបញ្ចេញកម្លាំងអ្នកជាប់ឃុំ យ៉ាងប្រសេចប្រសាច ប៉ុន្តែមន្ត្រីជាច្រើនបានបញ្ជាក់ថា វាសឹងក្លាយជាទម្លាប់ទៅហើយ ដែលលោក សំ សុផល ហៅរ៉ែន បានប្រើប្រាស់កម្លាំងអ្នកជាប់ឃុំ ឲ្យធ្វើការងារផ្សេងៗ ជាផលប្រយោជន៍ផ្ទាល់ខ្លួន រហូតដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះសីហនុ ធ្លាប់ផ្តល់រហស្សនាមជូនលោក សំ សុផល ហៅរ៉ែន ថាជាឥស្សរជនដែលចូលចិត្ត ដឹកអ្នកទោសយកមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន បង្អួតភ្ញៀវទេសចរ។
អ្នកខេត្តព្រះសីហនុ បានរំលឹកឲ្យដឹងផងដែរថា លោក សំ សុផល ហៅរ៉ែន បានបង្កើតឲ្យមានអំពើពុករលួយ តាមរយៈការចាត់តាំង មន្ត្រីអនុរក្សពន្ធនាគារ ឲ្យកោសរូសសាច់ញាតិអ្នកជាប់ឃុំ បង់លុយក្នុងកម្រិតខ្ពស់ សម្រាប់ការចូលសួរសុខទុក្ខ សាច់ញាតិម្តងៗ ហើយរាល់បញ្ញើរបស់អ្នកទោស ជាត្រីសាច់ ម្ហូបអាហារលុយកាក់ ត្រូវអនុរក្សពន្ធនាគារ កាត់កងទៅតាមភាគរយ ដូចជាត្រីងៀតមួយគីឡូ ត្រូវបាត់អស់កន្លះគីឡូ រួចទៅហើយ ទើបអាចទៅដល់ដៃអ្នកជាប់ឃុំ។ ទោះជាមានការបង់លុយ បែបណាក៏ដោយ ក៏សាច់ញាតិគ្រួសារ អ្នកជាប់ឃុំត្រូវបានគេកំណត់ចំនួននាទី សម្រាប់ការជួបជាមួយសាច់ញាតិ លើស ១វិនាទីក៏មិនបាន គឺគេនឹងស៊ីញូម៉ោង ទាល់តែយល់ព្រមបង់លុយបន្ថែម ដែលបញ្ហានេះបានធ្វើឲ្យ ប្រជាពលរដ្ឋក្រីក្រ ជួបផលលំបាកយ៉ាងខ្លាំង ក្នុងការចូលជួបសុខទុក្ខ ក្រុមគ្រួសារសាច់ញាតិ របស់ខ្លួនម្តងៗ។
ចំពោះការគ្រប់គ្រងពន្ធនាគារខេត្តព្រះសីហនុ លោក សំ សុផល ហៅរ៉ែន បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ដូចជាការបញ្ជូនអ្នកជាប់ឃុំក្រីក្រ ឲ្យទៅរស់នៅក្នុងបន្ទប់ ដ៏តូចចង្អៀត ប៉ុន្តែសម្រាប់អ្នកជាប់ឃុំ ដែលមានលុយបង់ប្រចាំខែ អាចស្នាក់នៅក្នុងបន្ទប់ធំទូលាយ អាចប្រើម៉ាស៊ីនត្រជាក់ ប្រើទូរស័ព្ទឆ្លើយឆ្លងជាមួយសាច់ញាតិ យ៉ាងរំភើយ។ តាមគោលការណ៍ អ្នកជាប់ឃុំទាំងអស់ ត្រូវមានសិទ្ធិស្មើៗគ្នា ប៉ុន្តែការអនុវត្តន៍ជាក់ស្តែង របស់លោក សំ សុផល ហៅរ៉ែន គឺអ្នកទោសក្រីក្ររងនូវ ការជិះជាន់សង្កត់សង្កិន កេងប្រវ័ញ្ចតាមគ្រប់រូបភាព ប៉ុន្តែសម្រាប់អ្នកទោស ដែលមានលុយវិញ ទទួលបានការយោគយល់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត។ គេចង់ឃើញលោក គុយ ប៊ុនសន ពិនិត្យមើលភាពអសកម្ម របស់លោក សំ សុផល ហៅរ៉ែន ឡើងវិញផង ឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ ក្នុងការលុបបំបាត់អំពើពុករលួយ និងចាត់វិធានការនាំយកមន្ត្រីខិលខូចទៅផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...