លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកកោះញែកនិងពេជ្រាដា មានលុយសឹងក្លាយ ជាឧកញ៉ាទៅហើយ
ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ននេះ ក្រុមឈ្មួញមានលុយមានអំណាច និងក្រុមហ៊ុនមិនស្របច្បាប់ជាច្រើន កំពុងធ្វើសកម្មភាព ជីករុករករ៉ែមាស និងលោហធាតុ ដ៏មានតម្លៃជាច្រើនទៀត យ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដីខេត្តមណ្ឌលគិរីគេមិនដែលឃើញ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសលោក សាន់ ដារិទ្ធ ជាប្រធានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពម្តងណាឡើយ ហើយក្នុងចំណោមក្រុមឈ្មួញ រកស៊ីធ្វើអាជីវកម្មរ៉ែមាស យ៉ាងអនាធិបតេយ្យ គេសង្កេតឃើញ សមត្ថកិច្ចប្រដាប់អាវុធជាច្រើន ជាអ្នកឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញទាំងនោះ ធ្វើអ្វីៗតាមតែអំពើចិត្ត។
សេចក្តីរាយការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយ កំពុងរកសីីធ្វើអាជីវកម្មរ៉ែមាស ដោយគ្មានច្បាប់ទម្លាប់ ហើយគេមិនដែលស្គាល់មុខ ប្រធានក្រុមហ៊ុននេះនោះទេ ឃើញតែមេការ ដ៏មានអំណាចម្នាក់ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺនុយឯកសណ្ឋានប៉ារ៉ា ដើរក្អេងក្អាងអួតក្រអឺតក្រទម ល្បីពេញខេត្តមណ្ឌលគិរី ហើយការធ្វើអាជីវកររ៉ែមាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការយ៉ាងរលូនល្អ គ្មាននរណាហ៊ានហើបមាត់នោះទេ។ ការធ្វើអាជីវកម្មរ៉ែមាស ដ៏អនាធិបតេយ្យ កំពុងកើតឡើង យ៉ាងពេញបន្ទុកនៅចំណុចស្រុកពេជ្រាដា និងស្រុកកោះញែក លើទីតាំងជាច្រើនដូចជា នៅចំណុចភ្នំង៉ត យ៉ាំងប៉ និងអូរង៉េះ ដោយលោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែងឲ្យឈ្មួញកណ្តាល ជាច្រើនក្រុមចុះទៅ ធ្វើអាជីវកម្មជីករករ៉ែមាស ហើយប្រមូលយកទៅលក់ ឲ្យឈ្មួញយួនយកលុយទៅច្រកហោប៉ៅ សឹងក្លាយជាមហាសេដ្ឋីទៅហើយ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បានឃុបឃិតជាមួយ មន្ត្រីការពារព្រំដែនមួយចំនួន អនុញ្ញាតឲ្យគ្រឿងចក្រ របស់ជនជាតិយួន រាប់សិបគ្រឿង ចូលមកប្រទេសកម្ពុជា តាមច្រករបៀងប៉ុស្តិ៍បី និងស្រុកកោះញែក ដើម្បីយកមកជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ ផងដែរ។ ការនាំចូលគ្រឿងចក្រ តាមច្រកប៉ុស្តិ៍បីនេះ មានការឃុបឃិតពីឈ្មោះ ម៉ាយ ម៉ៅ ជាប្រធានប៉ុស្តិ៍បី និងជាមន្ត្រីយោធាព្រំដែន ក្រោមការគ្រប់គ្រង របស់លោក សាំង កុសល ជាប្រធានគ៣ ប្រចាំស្រុកកោះញែក ហើយគេជឿថាឈ្មោះ ម៉ាយ ម៉ៅ និងលោក សាំង កុសល ដែលប្រើអំណាចតួនាទីរបស់ខ្លួន ឃុបឃិតឲ្យលោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូលគ្រឿងចក្រ មកជជីកកកាយរ៉ែមាស យ៉ាងអនាធិបតេយ្យនោះ ទំនងជាទទួលបានប្រយោជន៍ ច្រើនក្រាស់ក្រែល ហើយមើលទៅទើបលោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើអ្វីៗបានតាមតែ អំពើចិត្តរបស់ខ្លួន។
រ៉ែមាស រ៉ែថ្មសម្អាង ជាវត្ថុដ៏មានតម្លៃបំផុត សម្រាប់ខេត្តមណ្ឌលគិរី កំពុងរងនូវភាពវិនាសហិនហោច ដោយសារតែការធ្វើអាជីវកម្ម គ្មានច្បាប់ទម្លាប់ពីសំណាក់ ឈ្មួញមានលុយមានអំណាច ហើយអ្នកដែលហ៊ានចេញមុខ ចេញមាត់ជាងគេគឺលោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជាមេការក្រុមហ៊ុនមួយល្បីឈ្មោះ ជាយូរមកហើយ ក្នុងការធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ គ្មានអាជ្ញាប័ណ្ណ គ្មានការបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ កើតឡើងដោយសារតែ ការឃុបឃិតបិទភ្នែក ពីប្រធានគណៈបញ្ជាការ ឯកភាពខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋបានសម្តែង ការសោកស្តាយយ៉ាងខ្លាំង ចំពោះការវិនាសហិនហោច រ៉ែមាសដ៏មានតម្លៃ នៅលើទឹកដីស្រុកពេជ្រាដា និងស្រុកកោះញែក ហើយឈ្មួញមានលុយ មានអំណាចទាំងអស់នោះ ជាពិសេសលោក មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន សឹងក្លាយជាឧកញ៉ាទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...