ឡានដឹកទំនិញរបស់លោកផ្កាយ៣ ឡុង ម៉េង បើកទាក់ប៉ាណូ ក្រឡាប់សង្កត់ឡានតួរីស
រាជធានីភ្នំពេញ ៖ រថយន្ដដឹកទំនិញធុនធំ ប្រភេទយីឌុប ជាកម្មសិទ្ធិរបស់ឧត្ដមសេនីយ៍ យោធាផ្កាយ៣ ឡុង ម៉េង បានក្រឡាប់សង្កត់ រថយន្ដតួរីសកណ្ដាលផ្លូវ មើលទៅស្រដៀងគេថតកុន នៅតាមផ្លូវចំការដូង ជិតស្ពានដែកក្នុងភូមិម័រសង្កាត់ដង្កោ ខណ្ឌដង្កោ ទល់មុខខារ៉ាអូខេ ឌីយ៉ាម៉ង់ និងហាង លក់នំប៉័ង ឆាយហៀក២ កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។
គ្រោះថ្នាក់នេះ អាចចាត់ទុកជាសំណាងល្អ ដែលមិនបណ្ដាលឱ្យ នរណាម្នាក់គ្រោះថ្នាក់ រហូតដល់អាយុជីវិត គ្រាន់តែធ្វើឱ្យ អ្នកបើករថយន្ដធុនធំ មួយគ្រឿងនេះ រងរបួសស្រាលប៉ុណ្ណោះ រីឯម្ចាស់រថយន្ដតួរីស ក៏បានរួចផុតពីគ្រោះថ្នាក់ ព្រោះតែរថយន្ដតួរីស បានចតចោលតាមចិញ្ចើមផ្លូវ ដើម្បីរកម៉ូយ ប៉ុន្តែអ្នកលក់ដូរ នៅតាមផ្លូវនៅទីនោះ នាំគ្នាភ័យស្លន់ស្លោរ និងនាំគ្នារត់បាតជើងសព្រាត នៅពេលឃើញ រថយន្ដធុនធំរ៉េ ចង្កូតធ្លាក់ផ្លូវ ហើយក្រឡាប់ ។
សាក្សីបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេបានឃើញរថយន្ដយីឌុប ធុនធំមួយគ្រឿង ដឹកបារីពេញរថយន្ដ ធ្វើដំណើរតាមបណ្ដោយ ផ្លូវចំការដូង ក្នុងទិសដៅ ពីជើងទៅត្បូង លុះពេលធ្វើដំណើរដល់មុខ ហាងខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្រាប់តែទំនិញ ដែលផ្ទុកលើសចំណុះ បានទាក់នឹងរបាំង ប៉ាណូផ្សាយពាណិជ្ជកម្ម ដាក់កាត់ទទឹងផ្លូវ ធ្វើឱ្យអ្នកបើករថយន្ដ រ៉េចង្កូតមកខាងស្ដាំដៃ ក៏ក្រឡាប់កិនរថយន្ដតួរីស។ អ្នកបើករថយន្ដបង្ក ត្រូវបានឃាត់ខ្លួន មានឈ្មោះ គឹម សាន្ដ មានស្រុកកំណើតនៅឃុំកោះរកា ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ និងស្នាក់នៅបច្ចុប្បន្នក្បែរវត្ដអង្គតាមិញ៕
Source from: watphnom-news.com

Loading...
Loading...