លោក ធាម ថា មេគយខណ្ឌពោធិ៍សែនជ័យ ពង្រាយកូនចៅជំនិតៗ ឲ្យរាប់ក្បាលឡានដឹកទំនិញ យកលុយបង់ចូលរដ្ឋ ឬហោប៉ៅខ្លួនឯង ?
រាជធានីភ្នំពេញ ៖ លោក ធាម ថា ជាប្រធានសាខាគយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលមានផែស្ងួត និងសកម្មភាពដឹកជញ្ជូនទំនិញ មកពីភាគខាងលិច ចូលរាជធានីភ្នំពេញ បានចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួន ឲ្យធ្វើសកម្មភាពប្រដេញ ចាប់ឡានដឹកទំនិញរបស់ឈ្មួញទាំងតូចទាំងធំ ឲ្យចូលបង់លុយយ៉ាងប្រសេចប្រសាច ប្រៀបដូចជាក្រុមជនសង្គមងងឹត បង្កើតឲ្យមានភាពក្តៅក្រហាយយ៉ាងខ្លាំង ហើយឈ្មួញមួយចំនួន បានលើកឡើងថា ជំនាញគយរបស់លោក ធាម ថា ពេលខ្លះមិនស្លៀកពាក់ ឯកសណ្ឋាននោះទេ បានប្រើតួនាទីភារកិច្ចរបស់ខ្លួន ប្រដេញចាប់ឡានដឹកទំនិញ ទាំងស្របច្បាប់និងខុសច្បាប់ ឲ្យចូលបង់លុយ ដោយគ្មានវិក្កយបត្រ ឬលិខិតស្នាមអ្វីត្រឹមត្រូវ តាមច្បាប់នោះឡើយ។
បើតាមការលើកឡើង របស់ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ មួយចំនួនបានឲ្យដឹងថា លោក ធាម ថា បានបំពេញភារកិច្ចការងារ ចាត់តាំងមន្ត្រីជំនិតៗ ឲ្យចុះប្រមូលលុយ ពីការដឹកជញ្ជូនទំនិញទាំងយប់ទាំងថ្ងៃ យ៉ាងសកម្មបំផុត សូម្បីតែឡានកុងតឺន័រ មកពីខេត្តព្រះសីហនុ យកទំនិញមកដាក់តាមឃ្លាំង ឬតាមផែស្ងួត ក៏ត្រូវលោក ធាម ថា ចាត់តាំងកូនចៅរបស់គាត់ ឲ្យរាប់ក្បាលឡានយកលុយ គ្មានក្រែងញញើត ពីការរឹតបន្តឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ម្តងណាឡើយ។ ហើយរាល់ការស្ទាក់ឡាន ឲ្យចូលបង់លុយដូចប៉ុស្តិ៍ជជុះនោះ មិនដែលមានវិក្កយបត្រនោះទេ បើទោះបីជាជំនាញគយ អួតអាងថា នេះគឺជាការពិន័យ ប្រមូលពន្ធជូនរដ្ឋបែបណាក៏ដោយ ព្រោះជាគោលការណ៍ រាល់ការបង់លុយ លើសេវាសាធារណៈ បើមិនមានវិក្កយបត្រ ឬលិខិតស្នាមត្រឹមត្រូវ គឺជាការប្រព្រឹត្តអំពើពុករលួយ។
ក្រុមឈ្មួញដែលកំពុងទើសទាល់ ចំពោះភាពអនាធិបតេយ្យ ដែលប្រព្រឹត្តដោយកូនចៅ របស់លោក ធាម ថា បានលើកឡើងថា ការប្រដេញចាប់ឡាន ដឹកទំនិញឲ្យចូលបង់លុយ តាមតែអំពើចិត្ត តាមរយៈការប្រើប្រាស់ ឯកសណ្ឋានគយ ទាំងយប់ទាំងថ្ងៃ នៅលើទឹកដីខណ្ឌពោធិ៍សែនជ័យ មិនខុសពីការបង្កើតកុងត្រូលជជុះ ក្នុងការប្រមូលលុយ ច្រកហោប៉ៅផ្ទាល់ខ្លួននោះទេ ហើយរឿងដែលខុសឆ្គងបំផុតនោះ គឺលោក ធាម ថា បានគំរាមចាប់អូសឡាន ដឹកទំនិញមួយចំនួន យកទៅស្នាក់ការរបស់ខ្លួន ដោយយកឈ្មោះលោក ប៉ែន សំអាត មកប្រើប្រាស់ពេញៗមាត់។ ពផលគឺលោក ធាម ថា មិនដែលយកចិត្តទុកដាក់ ក្នុងការបង្កើនចំណូលថវិកាជាតិនោះទេ ព្រោះជាញឹកញយ គេសង្កេតឃើញកូនចៅជំនិតៗ របស់លោក ធាម ថា មានមោទនភាពខ្លាំងបំផុត ក្នុងការប្រមូលលុយ យកទៅជូនមេកើយរបស់ពួកគេ យ៉ាងសុខស្រួលបំផុត។
ក្រុមសមត្ថកិច្ចមួយចំនួន ដែលតាមដានសកម្មភាព ដាក់ប៉ុស្តិ៍ជជុះ របស់ជំនាញគយ ក្រោមបញ្ចាលោក ធាម ថា បានលាន់មាត់ថា ក្នុងមួយយប់ៗគ្រាន់តែ ការស្ទាក់ចាប់ឡានដឹកទំនិញរបស់ឈ្មួញតូចតាច ដូចជាឡានដឹកត្រី ផ្លែឈើ គ្រឿងសមុទ្រ ឡានដឹកឈើ ឡានដឹកជ្រូក មាន់ ទា ស៊ុត មិនដឹងជាកូនចៅ របស់លោក ធាម ថា យកទៅណាអស់ទេ ហើយនេះមិនទាន់រាប់ដល់ករណី ឡានកុងតឺន័រដឹករថយន្តកាត់.ត គ្រឿងបន្លាស់ ដែលបង់ពន្ធមិនគ្រប់ សុទ្ធសឹងជាផលប្រយោជន៍ ដែលលោក ធាម ថា ប្រមូលយកទៅ ច្រកហោប៉ៅផ្ទាល់ខ្លួន។ មានការលើកឡើងផងដែរថា ប្រសិនបើលោក ធាម ថា សកម្មក្នុងការចាត់ចែងកូនចៅ ឲ្យចុះដាក់ប៉ុស្តិ៍យ៉ាងប្រសេចប្រសាច ទាំងយប់ទាំងថ្ងៃមិនដឹងជា រកចំណូលបង់ចូលរដ្ឋ បានប៉ុន្មានម៉ឺនដុល្លារនោះទេ ក្នុងមួយខែៗ ប៉ុន្តែគេជឿថា លុយដែលកោសរូស ពីក្រុមឈ្មួញ ដោយគ្មានវិក្កយបត្របែបនេះ ទំនងជាហូរចូលហោប៉ៅ មេគយខណ្ឌពោធិ៍សែនជ័យ មិនបំបែកចូលក្នុងថវិកាជាតិនោះទេ៕
Source from: watphnom-news.com

Loading...
Loading...