ចោរញីឈ្មោលឆក់ខ្សែក ដាច់ដៃរ៉ូបស្ត្រីរងគ្រោះពាក់កណ្តាល ត្រូវអ្នកដំណើរវាយទ្រមខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលក្នុងនោះ មានស្រីម្នាក់និងប្រុសម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែក តែមិនបានសំរេច បានត្រឹមរយះដៃរ៉ូប របស់ស្ត្រីរងគ្រោះពាក់កណ្តាល ត្រូវប្រជាពលរដ្ឋដេញឃាត់បាន ចាប់វាយឡើងទ្រមខ្លួនកាលពីវេលាម៉ោង ៩និង៥០ នាទីយប់ថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៤ ខាងក្រោយរោងកុនគីរីរម្យ តាមផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ជនរងគ្រោះជាម្ចាស់ខ្សែក ដែលសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មកពីហូបអាហារនៅខាងក្រៅ បានជិះរ៉ឺម៉កម៉ូតូមកដល់មុខផ្ទះ គ្រាន់ដើរចុះពីលើរ៉ឺម៉កម៉ូតូបម្រុងចូលផ្ទះ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូស្តេប ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AE 4681 មកដល់ ស្រាប់តែ នារីដែលអង្គុយខាងក្រោយ ជាអ្នកធ្វើសកម្មភាព ឆក់ខ្សែកប្លាទីន តែឆក់មិនបានសំរេចទេ គឺដាច់រយះខ្សែដៃរ៉ូប អស់ពាក់កណ្តាល ហើយសំណាងល្អ ដែលមិនដាច់ របូតរ៉ូបធ្វើឲ្យខ្មាសគេ ។
ជនរងគ្រោះបានឲ្យដឹងថា ខ្សែកដែលចោរឆក់ មិនបានសំរេចនេះ ជាខ្សែកប្លាទីនអ៊ីតាលី ឬប្លាទីនស មានតម្លៃ ៥៤០ដុល្លារ ហើយក្រុមចោរបានជិះម៉ូតូ រត់គេចទៅមុខបានជាង ១០០ម៉ែត្រ ត្រូវម្ចាស់ខ្សែកស្រែកថាចោរៗ ទើបសន្តិសុខយាមនៅក្បែរនោះ ចាប់បានជនសង្ស័យទាំង២ នាក់ និងម៉ូតូមួយគ្រឿង ហើយប្រជាពលរដ្ឋបានព្រួតវាយ អ្នកបើកម៉ូតូឡើងទ្រមខ្លួន ហើយទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកនារីជាអ្នកឆក់ មិនត្រូវបានគេវាយទេ គ្រាន់តែដួលរបួសជង្គង់បន្តិច ។
ជនសង្ស័យជាអ្នកបើកម៉ូតូដើរឆក់ ឈ្មោះ ឈឹម ម៉េងឡុង ភេទប្រុស អាយុ ២០ឆ្នាំ អតីតជាងកាត់សក់ នៅខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក និងនារីជាអ្នកឆក់ឈ្មោះ ពេជ្រ អាយុ ១៩ឆ្នាំ ស្នាក់នៅម្តុំបារមាន់ចែ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ជនសង្ស័យដែលឃាត់ខ្លួនបាន ទាំង ២នាក់ រួមជាមួយម៉ូតូ មួយគ្រឿង ត្រូវបានបញ្ជូនទៅ កសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕
Source from: watphnom-news.com

Loading...
Loading...