ទីប្រឹក្សារាជរដ្ឋាភិបាល និងអតីតអគ្គាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ម្នាក់ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពីបទពុករលួយ
ប្រភពព័ត៌មានច្បាស់ការណ៍ដែលស្និទ្ធនឹងទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ទីប្រឹក្សារាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាមានឋានៈស្មើអនុរដ្ឋលេខាធិការ និងជាអតីតអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន ធ្វើការចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ម្សិលមិញ ពីបទប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់រាប់ម៉ឺនដុល្លារអាមេរិក កាលនៅកាន់មុខតំណែងជាអគ្គាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងត្រូវបានបញ្ជូនខ្លួន និងសំណុំរឿងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាព្រឹកនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ហើយក៏ត្រូូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារព្រៃស នៅវេលាម៉ោង១២ និង៣៥នាទី នាថ្ងៃដដែលនេះ។
ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអគ្គាធិការក្រសួង MPTC ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពីបទប្រព្រឹត្តអំពើពុករលួយនោះ មានឈ្មោះ ចែម សង្វារ។
លោក ចែម សង្វារ ធ្លាប់ត្រូវបានតែងតាំងជាអធិការនៃអធិការដ្ឋានក្រសួង MPTC ដោយអនុក្រឹត្យលេខ ៤៤អនក្រ.តត ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦ និងក្រោយមកបន្ទាប់ពីអធិការដ្ឋានក្រសួង MPTC ត្រូវបានដំឡើងទៅជាអគ្គាធិការដ្ឋាននៃក្រសួង MPTC តាមអនុក្រឹត្យលេខ១៨១អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ លោក ចែម សង្វារ ក៏ត្រូវបានតែងតាំងជាអគ្គាធិការនៃអគ្គធិការដ្ឋានក្រសួង MPTC ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០៨/១២៦៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៨។
ឯកឧត្តម ចែម សង្វារ ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី២ ទទួលបន្ទុកការងារប្រៃសណីយ៍ និងទូរគមនាគមន៍ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារដែលមានស្រាប់ ដោយពុំទទួលប្រាក់បៀវត្សរ៍ផងដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៤៩២ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៥។
លុះមកដល់ក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីដដែល និងមានឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួង MPTC នោះ ឯកឧត្តម ចែម សង្វារ ត្រូវបានបញ្ចប់មុខតំណែងជាអគ្គាធិការនៃអគ្គធិការដ្ឋានក្រសួង MPTC វិញ និងត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០០០ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ រហូតមកដល់ពេលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនតែម្តង។
អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បានបញ្ជាក់លម្អិតអំពីទឹកប្រាក់ពុករលួយដែលឯកឧត្តម ចែម សង្វារ កិបកេងធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននោះ នៅឡើយទេ មុនពេលឯកឧត្តម ចែម សង្វារ ត្រូវបានបញ្ជូនខ្លួន និងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាព្រឹកនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤នេះ៕
Source from: www.dtn7.com

Loading...
Loading...