ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ ទទួលបានសិទ្ធិសាងសង់សណ្ឋាគារទល់មុខអង្គរឃ្យុងយូតំបន់អាជ្ញាធរអប្សរាហាមឃាត់
អគារសណ្ឋាគារទំនើបលំដាប់ផ្កាយ មានឈ្មោះថា រមណីយដ្ឋានសុខាសៀមរាប របស់ក្រុមហ៊ុនសុខាអូតែល បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤កន្លងមកថ្មីៗនេះ នៅលើទីតាំងទល់មុខអង្គរឃ្យុងយូ ក្នុងក្រុងសៀមរាប ដែលជាទីតាំងអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា អាជ្ញាធរអប្សរា ហាមឃាត់ និងធ្លាប់បានបណ្តេញ និងដកហូតយកដីធ្លីអស់ជាច្រើនកន្លែង ឬក៏ប្រមូលទិញក្នុងតម្លៃថោកៗពីប្រជាពលរដ្ឋ ។
សំណង់អគារសណ្ឋាគារទំនើបរបស់ក្រុមហ៊ុនសុខាអូតែល ដែលគេស្គាល់ថាគ្រប់គ្រងដោយអ្នកឧកញ៉ា សុខ គង់ ជាអគ្គនាយក ជាឈ្មួញដ៏មានឥទ្ធិពលម្នាក់ក្នុងការធ្វើអាជីវកម្មនាំចូលប្រេងឥន្ធនៈសូគីម៉ិច(SOKIMEX) អាជីវកម្មប្រមូលលុយពីភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត អាជីវកម្មសណ្ឋាគារនៅខេត្តព្រះសីហនុ និងអាជីវកម្មប្រមូលលុយនៅរមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ ខេត្តកំពត…។ល។ នោះ នឹងដំណើរការនៅលើផ្ទៃដីទំហំ១៤ហិកតាក្នុងចំណោមផ្ទៃដីសរុបចំនួន២៤ហិកតា ដែលជាការដ្ឋានទី៦របស់ក្រុមហ៊ុន ដោយចំណាយទឹកប្រាក់អស់ជាច្រើនលានដុល្លារអាមេរិក ។
មជ្ឈដ្ឋានអ្នករិះគន់នៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនសុខាអូតែលរបស់អ្នកឧកញ៉ា សុខ គង់ ជាឈ្មួញដ៏មានឥទ្ធិពល ពិតជាមានសិទ្ធិពិសេសធំធេងជាងប្រជាពលរដ្ឋខ្មែរឯទៀតៗ ដ្បិតប្រជាពលរដ្ឋមិនត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី តាមរយៈអាជ្ញាធរអប្សរាមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន ដែលមានបេសកកម្មថែរក្សា អភិរក្ស គ្រប់គ្រង និងលើកតម្លៃបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្ត្រនៃរមណីយដ្ឋានអង្គរ អនុញ្ញាតឲ្យរស់នៅលើទីតាំងដីធ្លីទាំងនោះឡើយ ប៉ុន្តែអាជ្ញាធរបែរជាអនុញ្ញាតឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា សុខ គង់ សាងសង់សណ្ឋាគារបានទៅវិញ ដូចពាក្យគេនិយាយថា តំបន់អង្គររបស់ខ្មែរ តែអ្នកឧកញ៉ា សុខ គង់ ជាអ្នកកើបលុយ ៕
Source from: www.dtn7.com

Loading...
Loading...