ក្រុមអ្នកជីករុករករ៉ែមាសអនាធិបតេយ្យនៅអូរយ៉ាដាវ មន្ត្រីមូលដ្ឋានឆ្លើយថា មិនទាន់ដឹងរឿង
ខេត្តរតនគិរី ៖ ក្រុមកម្មករជាច្រើនបានប្រមូលផ្តុំគ្នា មកជីករុករកមាស យ៉ាងអនាធិបតេយ្យនៅក្នុងព្រៃ ត្រង់ចំណុចអូរកញ្ញា ហៅអូរបាមូក ស្ថិតនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ប្រជាពលរដ្ឋរស់នៅ ឃុំបរខាំ បានប្រាប់ឲ្យដឹងថា ការជីករករ៉ែមាសនេះ មានតាំងពីយូរឆ្នាំមកហើយ មានទាំងខ្មែរ និងវៀតណាម ផងដែរ បាននាំគ្នាមកប្រកបមុខរបរនេះ ហើយឥឡូវនេះនៅតែមាន អ្នកមកជីករុករករ៉ែមាស កាន់ច្រើនថែមទៀត។
ប្រភពដដែលបានបន្តទៀតថា ពីមុនមកអ្នកភូមិនាំគ្នា ជីករ៉ែមាស និងម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំង ដល់ធនធានធម្មជាតិ ក៏ដូចជាសត្វពាហណៈជាដើម ព្រោះថា ម៉ាស៊ីនជីកយករ៉ែមាសនេះ មានកញ្ច្រែងទប់មាស និងបង្ហូរកំទេចរ៉ែ ចេញមកក្រៅតាមទឹក ចូលទៅក្នុងអូរ។ ប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា ការជីករុករករ៉ែមាសនេះ ពួកគាត់សន្និដ្ឋានថា អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាបទេ ពីព្រោះពួកគាត់ឃើញ មានមនុស្សមកជីករ៉ែមាសរហូត និងយូរឆ្នាំមកហើយ មិនដែលឈប់នោះទេ។
ទាក់ទិនទៅនឹងការជីករ៉ែមាសអនាធិបតេយ្យ នៅទីតាំងខាងលើនេះ អ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោក រម៉ាម ផាត មេប៉ុស្តិ៍ឃុំបរខាំ ដោយលោកប្រាប់ថា រឿងនេះលោកបានដឹងដែរ គឺកើតមានយូរឆ្នាំមកហើយ លោកក៏មិនបាន ទទួលផលប្រយោជន៍ ពីការជីករ៉ែមាសនេះដែរ។ លោកនិយាយថា ការជីករ៉ែមាសនេះ គ្មានច្បាប់ ឬលិខិតអនុញ្ញាតិ អ្វីទាំងអស់ ហើយលោកធ្លាប់បាន ធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើផងដែរ ប៉ុន្តែគ្មានចំណាត់ការ ណាមួយនោះទេ គឺស្ងាត់ស្ងៀម គ្មានវិធានការអ្វីទាំងអស់។
លោកបានបញ្ជាក់ថា ពីមុនមក មានទាំងថ្នាក់ខេត្ត តុលាការ និងមន្ទីររ៉ែ និងថាមពល ចុះមកដល់ទីតាំង ជីករ៉ែមាសនេះដែរ ហើយអ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោក រម៉ាម ខេត មេឃុំបរខាំ លោកបានឆ្លើយថា មិនដឹងទេរឿងនេះ លោកគ្រាន់តែដឹងថា ពីមុនមានគេជីករ៉ែមាសមែន តែឥឡូវនេះលោកមិនដឹងទេ ពីព្រោះគ្មានរបាយការណ៍ណាមួយ បញ្ជូនមកលោកទេ ប៉ុន្តែលោកបាននិយាយថា ពីមុនមានគេខ្សឹបប្រាប់លោកថា គេបានបង់លុយអោយសមត្ថកិច្ច ទើបធ្វើបាន ចំណែកលោកជាមេឃុំ មិនបានទទួលផលប្រយោជន៍អ្វីនោះទេ។
ចំណែក លោក ដក សរ អភិបាលស្រុកអូរយ៉ាដាវ អ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោក ដើម្បីឲ្យជួយបំភ្លឺ ជុំវិញករណីខាងលើនេះ លោកបានឆ្លើយថា លោកមិនដឹងថា មានគេជីករ៉ែមាសទៀតនោះទេ ព្រោះកាលពីមុន លោកអភិបាលខេត្ត ធ្លាប់បានធ្វើការហាមឃាត់ ច្រើនដងមកហើយដែរ ដោយពីមុនមកក៏មានក្រុមហ៊ុនធ្វើដែរ លោកគ្រាន់តែដឹងថា មានអ្នកជីករ៉ែមាសនៅទីនោះ លក្ខណៈគ្រួសារធម្មតាតិចតួច ហើយលោកក៏បានហាមឃាត់ដែរ តែចាំលោកសួរនាំទៅលោកមេឃុំសិន ហើយលោកនិងអោយកម្លាំងប៉ូលិស ប៉េអឹម ទៅមើលដល់កន្លែងជាក់ស្តែង តើអ្នកណាជាម្ចាស់ ហើយអ្នកណាខ្លះ ស្នាក់នៅកន្លែងណា។
រីឯលោកប្រធានមន្ទីរ រ៉ែនិងថាមពល អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺណាមួយ ជុំវិញរឿងខាងលើបានទេ ដោយមិនអាចទំនាក់ទំនងបាន។ គួរបញ្ជាក់ផងដែរថា បើអាជ្ញាធរ និងសមត្ថកិច្ចនៅតែ បណ្តែតបណ្តោយមិនចាត់វិធានការណាមួយ ទៅលើការជីកយកមាសទៀតនោះ វានិងបណ្តាលអោយ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់ធនធានធម្មជាតិ និងសត្វពាហណៈ ហើយនិងអាចប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះទៀតផង៕ ដោយ បានលុង
Source from: watphnom-news.com

Loading...
Loading...