ប្តីប្រមឹកធ្វើទាហានមិនដែលសល់ប្រាក់ខែ ផឹកស៊ីរាល់ថ្ងៃ មកដល់ផ្ទះដេញវាយនិងកាប់ប្រពន្ធ
ក្រុងប៉ោយប៉ែត ៖ ប្តីប្រមឹកម្នាក់ស្រវឹងជោកជាំ និយាយគ្នាស្តាប់មិនបាន ហើយស្រវឹងពេលថ្ងៃត្រង់ កាប់ផ្ទះជួលស្នាក់នៅ លុះពេលយប់យកដាវសាម៉ារ៉ៃ ដេញកាប់ប្រពន្ធ ផ្អើលពេញភូមិ កាលពីវេលាម៉ោង ៩និង២០ នាទីយប់ថ្ងៃទី១ ខែមេសាឆ្នាំ២០១៤ ត្រង់ចំណុចក្រោយផ្សាររ៉ាថ្មី ស្ថិតនៅភូមិ-សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីជាប្រពន្ធមានឈ្មោះ ហេង ស្រីនាង អាយុ ៣៧ឆ្នាំ ប្តីប្រមឹកឈ្មោះ ហ៊ុន ធុន អាយុ ៤៨ឆ្នាំ ស្នាក់ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនមកពីផ្សាររោងក្លឿរប្រទេសថៃ ចំណែកប្រមឹក ជាទាហានឈរជើង នៅស្នួលទ្រេត និងមានកូនប្រុសស្រី ៤នាក់ តូចៗ។ គាត់បានបន្តថា ប្តីប្រមឹកនោះ មិនដែលចេះជួយធ្វើការងារផ្ទះ ឬជួយរកលុយចិញ្ចឹមជីវិតសោះ ចំណែកប្រាក់ខែ បើកមកគឺទុកចាយវាយតែម្នាក់ឯង សួម្បីតែអង្ករមិនដែលទិញផង។
គាត់ប្រាប់បន្ថែមថា ស្រាប់តែគាត់មកបើកទ្វារផ្ទះ ត្រូវប្តីប្រមឹកជេរស្តី ប្រមាថសព្វសារពើ និងបានគំរាមរកសម្លាប់ ទៀតផង ក្រោយមកប្តីប្រមឹក ក្រោកឈរឡើង បានទះកំផ្លែងស្ត្រីជាប្រពន្ធមួយដៃ និងច្របាច់ក ស្ទើររើមិនចង់រួច។ ក្រោយមកទៀត គាត់ក៏ស្ទុះចេញ រត់ចុះក្រោមផ្ទះ ដើម្បីអោយគេជួយ ចំណែកប្តីប្រមឹក ទាញយកដាវសាម៉ារ៉ៃ ដេញកាប់ដូចសត្វធាតុ តែភ្លាមៗត្រូវបានកម្លាំងប្រជាការពារភូមិ តាមឃាត់ខ្លួន និងដកបានវត្ថុតាង។
គាត់បានបញ្ជាក់ថា រូបគាត់មិនអាចរស់នៅ ជាមួយប្តីប្រមឹកបែបនេះទៀតទេ ព្រោះប្តីនេះមិនដែរខ្វល់ពីគ្រួសារ មួយណាគិតតែផឹកស្រាគ្មានឈប់ ជាពិសេសធ្វើបាបកូនចៅវាយដំ ស្ទើររាល់ថ្ងៃ។ បច្ចុប្បន្នកម្លាំងប្រជាការពារ ភូមិប៉ោយប៉ែត ដេញឃាត់និង ចាប់បានវត្ថុតាងដាវសាម៉ារ៉ៃ និងបានរាយការណ៍ប្រាប់ ប៉ូលិសប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ ហើយស្ត្រីរងគ្រោះ គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ៕
Source from: watphnom-news.com

Loading...
Loading...