តំណែងមេគយអាចនឹងធ្លាក់ក្នុងដៃបក្ខពួកឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីហិរញ្ញវត្ថុ បន្ទាប់ពីឯកឧត្តម ប៉ែន ស៊ីម៉ន ចូលនិវត្តន៍
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អាយុ៥៩ឆ្នាំ ០៨ខែ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកំពុងកាន់កាប់មុខតំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីនោះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ខាងមុខ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤១២ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ ។
មានមន្ត្រីសម្បូណ៌លុយកាក់ និងសម្បូណ៌បក្ខពួកជាច្រើននាក់ បាននិងកំពុងសម្លឹងច្បាមចង់បានមុខតំណែងជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលជាប៉ុស្តិ៍ខ្លាញ់ក្នុងការកើបលុយ បន្តវេនពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលនឹងត្រូវចូលនិវត្តន៍នៅពេលខាងមុខឆាប់ៗ ខណៈដែលឯកឧត្តមបណ្ឌិត ប៉ែន សំអាត ជាប្អូនប្រុសបង្កើតរបស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន កំពុងកាន់កាប់មុខតំណែងជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បន្ទាប់ពីបងប្រុសបង្កើតស្រាប់ ។
ប្រភពព័ត៌មានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហើបប្រាប់ឲ្យដឹងថា មន្ត្រីបក្ខពួកឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាមន្ត្រីជំនិតបណ្តុះបណ្តាលផ្ទាល់ដៃដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី នឹងមានប្រៀបខ្លាំងជាងគេក្នុងការដណ្តើមកាន់កាប់មុខតំណែងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បន្តវេនពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងដែរថា ទំនងជាឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមន្ត្រីបក្ខពួកជំនិតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន អាចនឹងត្រូវបានតែងតាំងជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដ្បិតឯកឧត្តម វង្សី វិស្សុត ហៅ VS ការ៉េ ជាមន្ត្រីជំនិតឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផង និងជាមន្ត្រីពូកែរកលុយជូនថ្នាក់លើ និងជូនគណបក្សប្រជាជនកម្ពុជាផង ៕
Source from: www.dtn7.com

Loading...
Loading...