អាជ្ញាធរចោទប្រកាន់និងស្នើឲ្យចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពរំលោភបំពានការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារបស់គណបក្សប្រឆាំង
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ អាជ្ញាធររាជធានីភ្នំពេញដែលមានឯកឧត្តម ប៉ា សុជាតិវង្ស ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើលិខិតផ្លូវការមួយច្បាប់គោរពជូនប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ រាយការណ៍អំពីសកម្មភាពឃោសនាបោះឆ្នោតថ្ងៃដំបូង ដោយបានធ្វើការចោទប្រកាន់គណបក្សសង្គ្រោះជាតិថា ពុំបានគោរពតាមការណែនាំ ដោយបានប្រមូលផ្តុំ និងប្រើប្រាស់សកម្មជនរបស់ខ្លួន ព្រមទាំងចាត់តាំងឲ្យមានការដង្ហែក្បួនតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ។
របាយការណ៍របស់ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានលើកឡើងដែរថា សកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ កកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទូទៅដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងប្រាសចាកពីខ្លឹមសារនៃសេចក្តីណែនាំលេខ២០៦/១៤ គ.ជ.ប ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការពង្រឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ ឆ្នាំ២០១៤ ។
ជាមួយនឹងការលើកសរសើរការរៀបចំបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យលោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពរំលោភបំពានការណែនាំពីសំណាក់គណបក្សសង្គ្រោះជាតិ ដោយអះអាងថា ដើម្បីធានាឲ្យដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២នាថ្ងៃបន្តបន្ទាប់ទៀតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងស្របតាមសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន ៕
Source from: www.dtn7.com

Loading...
Loading...