ថ្លើមធំហ៊ានកេងប្រវ័ញ្ច លុយសេវាទិដ្ឋាការជាង ១៥ម៉ឺនដុល្លារ នៅអគ្គកុងស៊ុលកម្ពុជាស្រះកែវ
ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកបណ្តែតនៃស្ថាន អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ទទួលបន្ទុកផ្នែកទិដ្ឋាការម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនតាមបណ្តឹង របស់អគ្គកុងស៊ុល ពីបទរំលោភលើសេចក្តីទុកចិត្ត ទាក់ទងរឿងយកលុយសេវាទិដ្ឋាការជាង ១៥ម៉ឺនដុល្លារ ទៅចាយវាយផ្ទាល់ខ្លួន និងគេចវេះមិនព្រមចូលខ្លួន មកទូទាត់បំណុល។
ជនសង្ស័យមានឈ្មោះ ប៉ែន សុវណ្ណ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីកន្លែងកំណើត ភូមិបីម៉ែត្រ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ស្នាក់បណ្តោះអាសន្ន ក្នុងស្រុកអារញ្ញ ប្រទេសថៃ មានតួនាទីជាបុគ្គលិកបណ្តែត ផ្នែកទិដ្ឋាការ នៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ។ ជននេះត្រូវបានឃាត់ខ្លួន កាលសៀលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ នៅឯស្រុកកំណើតរបស់គេ តាមពាក្យបណ្តឹងរបស់លោក នេត សេរី ជាអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ចុះថ្ងៃទី១៨ ឧសភា ២០១៤ ពីបទយកលុយថ្លៃសេវាទិដ្ឋាការ របស់ស្ថានអគ្គកុងស៊ុល ចាប់តាំងពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន អស់ទឹកប្រាក់ចំនួន ដប់បួនម៉ឺន បួនពាន់ដុល្លារ និងប្រាក់បាតថៃចំនួន សែសិបម៉ឺនបាត ។
យោងតាមការស៊ើបអង្កេត របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួន តាំងពីលោក នេត សេរី ចូលកាន់តំណែងជាអគ្គកុងស៊ុល បានប្រគល់ភារៈកិច្ច ឲ្យទៅឈ្មោះ ប៉ែន សុវណ្ណ ជា អ្នកទទួលខុសត្រូវផ្នែកទិដ្ឋាការ ។ ក្រោយមកលោក នេត សេរី បានត្រួតពិនិត្យថ្លៃសេវា ទិដ្ឋាការឃើញថា មានការាបាត់បង់ទឹកប្រាក់ សរុបជាប្រាក់ដុល្លារ ចំនួន ១៤,៤០០០ ដុល្លារ និងប្រាក់ថៃ ចំនួន ៤០,០០០០បាត។ ដោយត្រួតពិនិត្យដឹងថា បាត់លុយ ជនសង្ស័យខាងលើបាននិយាយកុហក ភូតភរថា និងសងលុយវិញ លុះមកដល់ពេលនេះ នៅតែមិនទាន់សង ។ ដោយ ផ្អែកតាមតំរុយ នៃបទល្មើស សមត្ថកិច្ចកងរាជអាវុធហត្ថ បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៤ ដើម្បីចាត់ការបន្ត៕
Source from: watphnom-news.com

Loading...
Loading...