បើកឡានបុកគោយន្តកន្ត្រៃ ជុងឈើស្លាប់គួរឲ្យរន្ធត់ ប្រើពេលជាង ៣ម៉ោង គាស់យកសព
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង រវាងរថយន្តកាមរីមួយគ្រឿង បើកយ៉ាងលឿនទៅបុក ជាមួយគោយន្តកន្ត្រៃ ដែលកំពុងដឹកឈើពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឲ្យតៃកុងឡាន ស្លាប់កៀបក្នុងឡាន អស់រយៈពេល ៣ម៉ោង ទើបប្រជាពលរដ្ឋ គាស់យកខ្មោចចេញបាន ចំណែកអ្នកបើកគោយន្តកន្ត្រៃ បានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១និង៣០ នាទីរំលង អាធ្រាត្រចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចកណ្ដាលភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
រថយន្តបង្កដែលទៅបុក គោយន្តកន្ត្រៃដឹកឈើ ស្លាប់ខ្លួនឯងនោះ អ្នកបើកមានឈ្មោះ សូយ ណារ៉ាន់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាក តូយ៉ូតាកាមរី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩១ ចង្កូតស្ដាំ ពាក់ស្លាកលេខ ភ្នំពេញ 2F-0816។ មុនពេលកើតហេតុ រថយន្តកាមរីបានបើកចេញ ពីកើតទៅលិចដោយ ល្បឿនយ៉ាងលឿន ចូលទីរួមខេត្តបន្ទាយមានជ័យ ស្របពេលនោះក៏មាន គោយន្តកន្ត្រៃដឹកឈើពេញ បានបើកបរពីលិចទៅ កើតស្របទិសគ្នា។
ពេលរថយន្តកាមរី បើកមកដល់ចំណុចកើតហេតុ ក៏បានបុកគោយន្តកន្ត្រៃ យ៉ាងពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្ត កៀបជាប់នៅក្នុងរថយន្ត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាយកដែក ទៅគាស់អស់រយៈពេល ៣ម៉ោង ទើបយកសព ចេញពីរថយន្តបាន ហើយត្រូវក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះរបស់ខ្លួន ចំណែកឯគោយន្តកន្ត្រៃ និងរថយន្តកាមរីបង្ក ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយបន្ត៕
Source from: watphnom-news.com

Loading...
Loading...