លោក គង់ វិបុល មិនទាន់បំភ្លឺជាផ្លូវការ ជុំវិញព័ត៌មានគួរឲ្យរសើប ពាក់ព័ន្ធនឹងការតែងតាំង មន្ត្រីពុករលួយឲ្យកាន់តំណែងធំៗ ដោយមិនប្រក្រតី
រាជធានីភ្នំពេញ ៖ អំពើបក្ខពួកនិយម ភាពអសកម្ម និងអំពើពុករលួយ ពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីសំខាន់ៗ ក្នុងអគ្គនាយកដ្ឋានពន្ធដារ ក្រោមការគ្រប់គ្រង របស់លោក គង់ វិបុល ត្រូវបានទម្លាយចេញមកក្រៅ ជាបន្តបន្ទាប់ ជាពិសេសការតែងតាំងមន្ត្រី សំខាន់ៗចំនួន ២៥នាក់ កាលពីពេលថ្មីៗនេះ បង្ហាញឲ្យឃើញពីអំពើពុករលួយ និងផ្ទុយពីបែបបទរដ្ឋបាល ដោយមន្ត្រីមួយចំនួន ធ្លាប់មានរឿងអាស្រូវពុករលួយ ប៉ុនជញ្ជាំងវិហារ បែរជាថ្នាក់លើមើលមិនឃើញ រួចធ្វើការតែងតាំងឲ្យកាន់តំណែងធំ និងត្រូវប៉ាន់ជាងតំណែងចាស់ ហើយមន្ត្រីខ្លះទៀតឡើងតំណែង ២ទៅ៣ ដងក្នុងរយៈពេលមិនដល់១ឆ្នាំ ប៉ុន្តែមន្ត្រីស្អាតស្អំដែលគ្មានខ្សែទុយោ ភាគច្រើនត្រូវគេទុក ឲ្យនៅកន្លៀតជញ្ជាំង មិនប្រើប្រាស់ឬមិនឲ្យកាន់ការងារ លុយកាក់នោះទេ។
លិខិតអនាមិករបស់មន្ត្រីពន្ធដារ ផ្ញើជូនបណ្តាញសារព័ត៌មាន និងត្រូវបានដាក់ជូនស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ដោយមានចំណងជើងធំៗថា ការផ្លាស់ប្តូរនិងតែងតាំង មន្ត្រីខុសប្រក្រតី ពាក់ព័ន្ធអំពើពុករលួយ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការ ស៊ើបអង្កេតឲ្យបានស៊ីជម្រៅណាមួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតី និងអំពើពុករលួយ នៃការតែងតាំងមន្ត្រីសំខាន់ៗ ទាំង ២៥នាក់នេះ នៅឡើយទេ បើទោះបីជានៅក្នុងលិខិតនោះ មានរៀបរាប់យ៉ាងលម្អិត ពីឈ្មោះមន្ត្រី មុខនាទី និងអតីតភាពការងារ ផ្លាស់ប្តូរ តែងតាំង ពីកន្លែងមួយទៅកន្លែងមួយ យ៉ាងច្បាស់លាស់ អាចជាតម្រុយសម្រាប់ ការស៊ើបអង្កេតពីបទពុករលួយ រួចហើយក៏ដោយ។
លិខិតរបស់មន្ត្រីតូចតាចបានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរតែងតាំង មុខតំណែងមិនប្រក្រតី ពាក់ព័ន្ធជាមួយ អំពើពុករលួយ ក្នុងចំណោមមន្ត្រីទាំង ២៥នាក់នោះ រួមមានឈ្មោះ ហ៊ាន ត្រេង បច្ចុប្បន្នជាប្រធាន នាយកដ្ឋានសវនកម្មសហគ្រាស ដែលធ្លាប់រងការចោទប្រកាន់ ពីការប្រព្រឹត្តអំពើពុករលួយ ត្រូវផ្លាស់ទៅជា ប្រធាននាយកដ្ឋាន សេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ ដោយគ្មានការស៊ើបអង្កេត ពីអតីតភាពការងារនោះទេ។ តាមពិតទៅការផ្លាស់ប្តូរ និងតែងតាំងមុខតំណែង ក្នុងអគ្គនាយកដ្ឋានពន្ធដារ កើតឡើងដោយសារតែ អំពើពុករលួយនិងការចាយលុយ រត់រកអន្តរាគមន៍ ផ្ទុយពីការព្រមានរបស់លោក ឱម យ៉ិនទៀង ហើយគេចាំបានថា សម្តេចហ៊ុន សែន ក៏ធ្លាប់បានព្រមាន ជាសាធារណៈឲ្យក្រុមមន្ត្រី បញ្ឈប់ការចាយលុយទិញតំណែង ឬស្វែងរកអន្តរាគមន៍ សម្រាប់ការតែងតាំងមុខតំណែង សឹងរាប់ភ្លេចទៅហើយក៏ដោយ។
មានការបញ្ជាក់ផងដែរថា ឈ្មោះ ស្រ៊ុន អង្គរ៉េន ជាមន្ត្រីទើបចូលថ្មីថ្មោងសោះ ត្រូវបានឡើងបុណ្យ ឡើងតួនាទីលឿនជាង មន្ត្រីដែលមានអតីតភាពយូរឆ្នាំ ដែលបញ្ហានេះច្បាស់ជាកើតចេញ ពីអំពើពុករលួយបក្ខពួកនិយម ចៀសមិនផុតឡើយ។ ដោយឡែកលោក ខៀន សង្ហា ធ្លាប់បានធ្វើជា ប្រធានសាខាពន្ធដារ ខេត្តបាត់ដំបង បានរយៈពេល ៣ខែប៉ុណ្ណោះ ត្រូវផ្លាស់ទៅធ្វើជាប្រធាន សាខាពន្ធដារខេត្តព្រះសីហនុ បានប្រហែល ១ខែកន្លះ ក៏មានរឿងរ៉ាវពុករលួយ ពាក់ព័ន្ធពន្ធប្រថាប់ត្រា ត្រូវបានដកហូតមុខតំណែង និងត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋាន សវនកម្មសហគ្រាស។ តាមពិតទៅករណី របស់លោក ខៀន សង្ហា ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីស៊ើបអង្កេតនិងជំនុំជម្រះទោស ព្រោះមុនពេលមានការផ្លាស់ប្តូរតំណែងលោក ខៀន សង្ហា អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់អនុប្រធានការិយាល័យម្នាក់ ពាក់ព័ន្ធអំពើពុករលួយ កិបកេងពន្ធប្រថាប់ត្រា ផ្អើលពេញខេត្តព្រះសីហនុ។
ដោយឡែក លោក ស៊ុនលី ដឺលីន ជាមន្ត្រីដែលមានឆ្អឹងអណ្តែត និងមានសំណាងជាងគេ ក្នុងចំណោមមន្ត្រីរាប់រយនាក់ ចំណុះឲ្យអគ្គនាយកដ្ឋានពន្ធដារ គឺគ្រាន់តែរយៈពេល ៦ខែ ប៉ុណ្ណោះ លោក ស៊ុនលី ដឺលីន ត្រូវបានដំឡើងតំណែង តួនាទីដល់ទៅ ៣ដង គឺឡើងពីមន្ត្រីនាយកដ្ឋានសវនកម្ម សហគ្រាស ទៅជាអនុប្រធានការិយាល័យ នៃនាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ហើយចុងក្រោយលោក សុនលី ដឺលីន ត្រូវបានដំឡើងតំណែងជា ប្រធានការិយាល័យនៃសវនកម្មសហគ្រាស។ បើតាមប្រភពអនាមិកនោះ បានបញ្ជាក់ផងដែរថា ក្នុងចំណោមមន្ត្រីទាំងជាង ២០នាក់ ដែលត្រូវបានតែងតាំង ខុសប្រក្រតីបង្កប់នូវអំពើពុករលួយ បានចំណាយប្រាក់លើសពី ៥ម៉ឺនដុល្លារអាមេរិក សម្រាប់រត់ការយកតំណែង ដែលពួកគេចង់បាន ប៉ុន្តែមិនទាន់មានការបំភ្លឺជាផ្លូវការណាមួយ ពីសំណាក់លោក គង់ វិបុល ជុំវិញព័ត៌មានដ៏គួរឲ្យរសើបនេះនៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...