ភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់ព្យុះងងិតមេឃ ឡានយីឌុប ២គ្រឿង បោលបុកគ្នា របួស ៤នាក់
ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនយក្ស ២គ្រឿង បើកបរក្នុងទិសដៅផ្ទុយគ្នា ខណៈមានភ្លៀងធ្លាក់ខ្លាំងមេឃងងិត បានបោលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្ត ទាំង២ របួសស្រាល ហើយព្រូឡានដែលរួមដំណើរ បានរងរបួសធ្ងន់ នៅចំណុចខាងលិចភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៦ ព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤។
រថយន្តដែលបុកគ្នានេះ ជារថយន្តយីឌុប ទី១-ពាក់ស្លាកលេខ ខេត្តព្រះសីហនុ ៣A ១៧៧៦ មានបិទស្ទីគ័រ នឹងជញ្ជាំងទ្វារ " កងដឹកជញ្ជូន ឆ.ន " បើកបរដោយឈ្មោះ អុន វ៉ាត ភេទប្រុស អាយុ ២៨ឆ្នាំ លំនៅភូមិស្នួល ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសស្រាល និងព្រូ ឈ្មោះ ធី វុទ្ធាតី ភេទប្រុស អាយុ ១៩ឆ្នាំ លំនៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង របួសធ្ងន់បាក់ជើងម្ខាង។
រថយន្តនេះបើកក្នុងទិសដៅ កើតទៅលិចបានរអិល រេចង្កូតទៅបុករថយន្ត ១ គ្រឿង ទៀតដែលកំពុងធ្វើដំណើរ ពីទិសខាងលិចទៅកើតវិញ បើកបរដោយឈ្មោះ អាន ផល្លា ភេទប្រុស អាយុ ២២ឆ្នាំ លំនៅភូមិ ព្រៃតាហូ សង្កាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសស្រាល។ មូលហេតុដែលនាំឲ្យបុកគ្នានេះ ព្រោះតែមានភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់ ព្រមទាំងមេឃងងិត តៃកុងមើលផ្លូវមិនឃើញ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ៕
Source from: watphnom-news.com

Loading...
Loading...