រន្ទះបាញ់ដ៏សាហាវសម្លាប់មនុស្ស ២នាក់ ចម្ងាយពីគ្នាជាង ៥០គីឡូម៉ែត្រ ក្នុងពេលតែមួយ
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ បុរសនិងស្ត្រី ២នាក់ នៅតំបន់ផ្សេងគ្នា បានស្លាប់ ដោយសារតែរន្ទះបាញ់ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដោយមួយករណី នៅស្រុកភ្នំស្រុក និងមួយករណីទៀត នៅក្រុងប៉ោយប៉ែត ហើយក្រោយការចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញបានប្រគល់ សពជនរងគ្រោះទាំង ២នាក់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។
ករណីរន្ទះបាញ់ទី១ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិភាស ឃុំប៉ោយចារ ស្រុកភ្នំស្រុក បណ្តាលឲ្យស្ត្រីម្នាក់មាន ឈ្មោះ យី អ៊ិន អាយុ ៤០ឆ្នាំ ស្លាប់ភ្លាមៗ ទុកឲ្យប្តីមានឈ្មោះ ស្រិប សិង អាយុ ៤២ឆ្នាំ មានកូន ៣នាក់ រស់នៅកំព្រាតែលតោល។ ហេតុការណ៍នេះ បានកើតឡើង ខណៈដែលស្ត្រីរងគ្រោះ កំពុងនៅក្រោមផ្ទះ និងបានបណ្តាលឲ្យ ងាប់ឆ្កែ ១ក្បាល និងមាន់ ១ក្បាលផងដែរ ។
ដោយឡែកនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឯណោះវិញ ក៏មានហេតុការណ៍ រន្ទះបាញ់សម្លាប់មនុស្សផងដែរ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅចំណុចតារាងបាល់ ក្នុងភូមិព្រៃព្រិច បណ្តាលឲ្យស្លាប់បុរសម្នាក់ មានឈ្មោះ សាយ រៃយា ហៅចយ អាយុ២៥ រស់នៅក្រុមទី១ ភូមិព្រៃព្រិច មុខរបរកម្មករ ខណៈដែលជនរងគ្រោះ កំពុងដើរចាប់ហ៊ីង ពេលមេឃធ្លាក់ភ្លៀង៕
Source from: watphnom-news.com

Loading...
Loading...