កម្លាំងវិស្វកម្មរបស់លោកផ្កាយ៣ ប៉ុល សុគន្ធ នៅតែបន្តគាស់កកាយ យកថ្មពីភ្នំជីសូរ ដោយមិនខ្វល់ពីការបំផ្លាញ សម្បត្តិបេតិកភណ្ឌជាតិ
ខេត្ដតាកែវ ៖ កងកម្លាំងវិស្វកម្ម ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ផ្កាយ៣ ប៉ុល សុគន្ធ នៅតែបន្តគាស់ កកាយយកថ្មពីភ្នំជីសូរ ជារមណីយដ្ឋានប្រវត្ដិសាស្ដ្រ ដែលមានប្រាសាទបុរាណជាយូរលង់ ណាស់មកហើយ មិនខ្វល់ពីការបំផ្លាញ ប្រាសាទបុរាណ ជាបេតិកភណ្ឌជាតិ នោះទេ។ គេចាំបានថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុន ប៉ុល សុគន្ធ បានប្រើគ្រឿងចក្រ ជីកកកាយយកដីថ្ម ទៅធ្វើផ្លូវកៅស៊ូមួយខ្សែ មានចំងាយ ២៤គីឡូម៉ែត្រ ពីស្រុកព្រៃកប្បាស ដល់ប្រាសាទភ្នំដា ស្រុកអង្គរបុរី ។
ប្រជាពលរដ្ឋរស់នៅជើងភ្នំជីសូរ បានឲ្យដឹងថា ក្រុមហ៊ុននេះកាយដីថ្ម ស្ទើររលាយអស់ទៅហើយ ទើបឃើញអាជ្ញាធរ ចុះមកអន្ដរាគមន៍ ដោយគេឃើញ កម្លាំងអាជ្ញាធរស្រុក សមត្ថកកិច្ចចម្រុះ និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា បានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន ប៉ុល សុគន្ធ ក្នុងនោះមាន រថយន្ដដឹកដីមួយគ្រឿង អេស្កាវ៉ាទ័រមួយគ្រឿង យកទៅរក្សាទុក ។ កន្លងមកអាជ្ញាធរស្រុក បានចេញលិខិតហាមឃាត់ជារឿយៗ ប៉ុន្ដែក្រុមហ៊ុន ប៉ុល សុគន្ធ ផ្អាកបានតែមួយរយៈខ្លីៗ ហើយលួចទៅធ្វើ សកម្មភាពដដែល ។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ទៀតថា ក្រុមហ៊ុន ប៉ុល សុគន្ធ ពុំមានច្បាប់ឬលិខិត អះអាងណាមួយ ដើម្បីបញ្ជាក់ពី ការធ្វើអាជីវកម្ម កាយភ្នំជីសូរនោះឡើយ ហើយមូលហេតុ ដែលក្រុមហ៊ុន ប៉ុល សុគន្ធ ជីកកកាយដីបាន ដោយសារអាជ្ញាធរស្រុក ជាប់រវល់ការងារច្រើន ហើយស្រុកបានដាក់លិខិត ទៅមន្ទីរនិងរ៉ែថាមពល ខេត្ដតាកែវ ដើម្បីផ្អាកសកម្មភាព របស់ក្រុមហ៊ុន ប៉ុល សុគន្ធ តែខាងមន្ទីររ៉ែ ហាក់ដូចស្ងាត់ដូចចោរលួចសេះ ទើបធាជ្ញាធរស្រុក សុំយោបល់ពីអភិ បាលខេត្ដ ដើម្បីមានវិធានការ ទើបលោកអភិខេត្ដ បានបញ្ជាឱ្យឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុន ប៉ុល សុគន្ធ តែម្ដង ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាល គួរមានវិធានការជាបន្ទាន់ ចំពោះក្រុមហ៊ុន ប៉ុល សុគន្ធ នេះផង បើបណ្ដោយឲ្យមានការ ជីកកាយថ្មគ្មានច្បាប់ទម្លាប់ នឹងប៉ះពាល់ ដល់គ្រិះប្រាសាទបុរាណភ្នំជីសូរ។ យ៉ាងណាក៏ដោយ ក្រោយពេលចុះទៅ ឃាត់គ្រឿងចក្រ ខាងក្រុមហ៊ុន បាននាំមន្ដ្រីពាក់ព័ន្ធ ទៅទទួលទានអាហារ ហើយគ្រឿងចក្រក៏បានបន្ដសកម្មភាព ជីកកាយដីនិងថ្ម ជាធម្មតាឡើងវិញ ដោយគ្រាន់តែបញ្ជាក់ថា មិនឈូសឆាយជីកកកាយ នៅតំបន់ដែលហាមឃាត់ទេ ហើយបើតាមដឹង ប្រជាពលរដ្ឋ បានអះអាងថា មិនយូរមិនឆាប់គេគង់តែ ជីកកកាយយកថ្ម ក្បែរជើងភ្នំនេះដដែល៕
Source from: watphnom-news.com

Loading...
Loading...