សពា្វវុធទំនើបៗ៥ប្រភេទរបស់អាមេរិកធ្វើឲ្យចិនញញើតភ័យខ្លាច
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ សារព័ត៌មាន Want Daily របស់តែវ៉ាន់ បានចុះផ្សាយអំពីសក្តានុពលសពា្វវុធទំនើបរបស់អាមេរិក៥ប្រភេទ ដែលធ្វើឲ្យមហាអំណាចចិនញញើតភ័យខ្លាច ទោះបីចិនមានភាពរីកចម្រើនខាងវិស័យយោធា ក៏មិនទាន់អាចប្រដេញទៅនឹងបច្ចេកវិទ្យាសពា្វវុធរបស់មហាអំណាចពិភពលោកសហរដ្ឋអាមេរិកបាននៅឡើយ ។
សពា្វវុធទំនើបទាំង៥ប្រភេទរបស់អាមេរិកដែលអាចធ្វើឲ្យចិនញញើតភ័យខ្លាចនោះ មានដូចតទៅ ៖
១-នាវាផ្ទុកយន្តហោះប្រភេទ Ford ៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Ford គឺជានាវាថ្មីបំផុតរបស់អាមេរិក ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៦ខាងមុខ ។ នៅលើនាវានេះបំពាក់ទៅដោយសពា្វវុធទំនើបៗបំផុតរបស់អាមេរិក ដូចជាប្រព័ន្ធបាញ់ និងការពារកាំជ្រួច មីស៊ីលប្រព័ន្ធអេឡិចត្រូនិច ប្រព័ន្ធការពារដែនអាកាសចម្រុះ អាចទប់ទល់រាល់ការវាយប្រហាររបស់សត្រូវក្នុងប្រសិទ្ធភាពខ្ពស់ ។
២-នាវាមុជទឹកប្រភេទ Verginia ៖ នាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរនេះ មានសមត្ថភាព និងបទពិសោធន៍ខ្ពស់ក្នុងការធ្វើសង្គ្រាមនៅលើដែនទឹក បំពាក់ដោយសពា្វវុធទំនើបៗ ក្នុងនោះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលបរមាណូ អាចវាយប្រហារទៅលើសត្រូវបានយ៉ាងល្អ ។
៣-យន្តហោះចម្បាំងបំបាំងកាយធុន F-22 Raptor ៖ ជាយន្តហោះចម្បាំងជំនាន់ទី៥ មានភាពទំនើបបំផុតនៅលើពិភពលោក ដោយមានល្បឿនលឿន និងអាចបំបាំងកាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវបានយ៉ាងប្រសើរ ព្រមទាំងអាចបើកគេចពីគ្រាប់មីស៊ីលប្រដេញបានយ៉ាងល្អទៀតផង ។
៤-យន្តហោះចម្បាំងបំបាំងកាយធុន F-35 Lightning II ៖ ជាយន្តហោះចម្បាំងធុនទំនើបមានតម្លៃថ្លៃ មានសមត្ថភាពបំបាំងកាយ រួមជាមួយនឹងអាកាសយានិកសុទ្ធសឹងជាអ្នកមានទេពកោសល្យខ្ពស់ ទើបអាចបញ្ជាបើកបរយន្តហោះចម្បាំងប្រភេទនេះបាន ។
៥-យន្តហោះទម្លាក់គ្រាប់ B-2 Spirit ៖ យន្តហោះប្រភេទនេះអាចទម្លាក់គ្រាប់វាយលុកទៅលើគោលដៅបានយ៉ាងល្អ ដោយបំពាក់គ្រាប់បែកនាំផ្លូវតាមផ្កាយរណប វាយប្រហារទៅលើគោលដៅ មានទម្ងន់រហូតដល់៤០តោន ។ ជាយន្តហោះអាចហោះហើរបានរាប់ពាន់គីឡូម៉ែត្រ និងមានសមត្ថភាពបំបាំងកាយគេចពីប្រព័ន្ធរ៉ាដារបស់សត្រូវយ៉ាងមានប្រសិទ្ធភាព ។
ជាមួយនឹងសពា្វវុធបរិក្ខារយោធាទំនើបទាំង៥ប្រភេទរបស់មហាអំណាចអាមេរិកនេះ មិនត្រឹមតែចិនទេ សូម្បីប្រទេសដែលមានវិស័យឧស្សាហកម្មសពា្វវុធខ្ពស់ ដូចជា រុស្ស៊ី ក៏ត្រូវស្ញប់ស្ញែងព្រួយបារម្ភផងដែរ ។
មូលហេតុដែលនាំឲ្យមហាអំណាចសហរដ្ឋអាមេរិកអភិវឌ្ឍន៍វិស័យយោធាប្រកបដោយបច្ចេកវិទ្យាខ្ពស់ ខណៈបណ្តាប្រទេសនានាមិនអាចតាមទាន់ ព្រោះអាមេរិកបានចំណាយប្រាក់លើវិស័យការពារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺច្រើនជាងប្រទេស១០បូកបញ្ចូលគ្នាទៅទៀត ៕
Source from: www.dtn7.com

Loading...
Loading...