ក្រុមហ៊ុន ណឹម ម៉េង ទទួលបានសិទ្ធិសាងសង់ផ្លូវជើងឯក ១គីឡូម៉ែត្រ តម្លៃជាង ២លានដុល្លារ មន្ត្រីក្រសួងហិរញ្ញវត្ថុចំអកថា ថ្លៃដូចក្រាលមាស
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ពាណិជ្ជករ និងក្រុមហ៊ុនសំណង់ជាច្រើន បានសម្តែងការហួសចិត្តគ្រប់ៗគ្នា នៅពេលដឹងថា ក្រុមហ៊ុន ណឹម ម៉េង ជារបស់ឧកញ៉ារកស៊ីដឹកជញ្ជូនដី ផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាច្រើនខ្សែ នៅភាគខាងត្បូងរាជធានីភ្នំពេញ ទទួលបានសិទ្ធិស្ថាបនាផ្លូវប្រវែង ៧.៥៣០ម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ រហូតដល់មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដែលគេនិយមហៅថា ផ្លូវជើងឯកឬផ្លូវលេខ២១៧ ក្នុងតម្លៃជាង ១៦លានដុល្លារអាមេរិក ដោយប្រើរយៈពេល ១ឆ្នាំ ធ្វើឲ្យគ្រប់ៗគ្នាលាន់មាត់ថា ហេតុអ្វីបានជាថ្លៃខ្លាំងម្ល៉េះ សឹងថាផ្លូវមួយខ្សែនោះ ក្រាលមាសទៅហើយ។
ការសម្រេចឲ្យក្រុមហ៊ុន ណឹម ម៉េង សាងសង់ផ្លូវជើងឯក ឬផ្លូវលេខ២១៧ នេះបង្កប់ដោយភាពមិនប្រក្រតី ប៉ុន្តែអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បែរជាកោតសរសើរក្រុមហ៊ុន ណឹម ម៉េង មិនដាច់ពីមាត់ទៅវិញ មិនដឹងជាមានអាថ៌កំបាំងអ្វីនោះទេ។ ក្រុមអ្នកម៉ៅការសំណង់មួយចំនួន បានលើកឡើងថា កំណាត់ផ្លូវជើងឯក ឬផ្លូវលេខ២១៧ នេះត្រូវបានបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយចំណាយថវិកា អស់ជាង ១៦លានដុល្លារអាមេរិក សឹងថាផ្លូវនោះថ្លៃជាងគេបំផុត នៅក្នុងរាជធានីភ្នំពេញ ដែលភាសាសាមញ្ញគេចំអកថា ផ្លូវដ៏ថ្លៃមួយខ្សែនេះ ទំនងជាមានក្រាលមាស ខ្លះដែរហើយមើលទៅ។
យ៉ាងណាក៏ដោយ មានការលើកជាសំណួរថា តើការប្រគល់សិទ្ធិឲ្យក្រុមហ៊ុន ណឹម ម៉េង សាងសង់ផ្លូវមួយខ្សែនេះ មានឆ្លងកាត់ការធ្វើលទ្ធកម្ម ដោយត្រឹមត្រូវតាមនីតិវិធី ឬមានការដេញថ្លៃជាសាធារណៈឬក៏អត់ តែបើគ្មានទេ អង្គភាពប្រឆាំងអំពើពុករលួយ គួរតែស៊ើបអង្កេតបញ្ហានេះឡើងវិញជាបន្ទាន់។ ការកសាងកំណាត់ផ្លូវជើងឯក ឬផ្លូវលេខ២១៧ នេះមានសារៈសំខាន់ខ្លាំងណាស់ ហើយគេចាំបានថា ពីមុនកំណាត់ផ្លូវនេះ ត្រូវបានស្ថាបនា ដោយការក្រាលកៅស៊ូ ប៉ុន្តែត្រូវបានខូចខាតទៅវិញ មិនដល់មួយឆ្នាំផង ដោយសារតែរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់ ផ្ទុកលើសទម្ងន់ បើកបរបំផ្លាញផ្លូវនេះ ទាំងយប់ទាំងថ្ងៃ ហើយរថយន្តដឹកខ្សាច់ថ្ម ដីរបស់ក្រុមហ៊ុន ណឹម ម៉េង បាននាំមុខគេ ក្នុងការបំផ្លាញផ្លូវនេះផងដែរ។
តាមការលើកឡើងរបស់ក្រុមមន្ត្រី គឺកំណាត់ផ្លូវនេះ ត្រូវសាងសង់ជាប្រភេទបេតុង មានអមឆ្អឹងដែក កម្រាស់ ២តឹក អមដោយប្រព័ន្ធលូផងដែរ លាតសន្ធឹងពីគល់ស្ពានស្ទឹងមានជ័យ មកកាន់មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯង ដោយការសាងសង់ផ្លូវ ត្រូវបែងចែកជា២ដំណាក់កាល គឺទី១ ជាការស្ថាបនាពង្រីក ជាផ្លូវបេតុងសរសៃដែក មានទទឹង ១៣ម៉ែត្រ ប្រវែង ៧.៥៣០ ម៉ែត្រ មានសួនច្បារ នៅចន្លោះកណ្តាល ប្រវែង ២ម៉ែត្រកន្លះ ត្រូវចំណាយថវិកាប្រមាណ ១៦លានដុល្លារ។ សម្រាប់តម្លៃនេះ គឺខ្ពស់ពេកទៅហើយ សម្រាប់ការស្ថាបនាផ្លូវ ដូចបានរៀបរាប់ខាងលើ ធ្វើឲ្យមន្ត្រីជាច្រើន មិនសប្បាយចិត្តនោះទេ រហូតមានការចំអកថា ដែកស៊ីម៉ងត៍ និងថ្មដែលក្រុមហ៊ុន ណឹម ម៉េង យកមកសាងសង់ផ្លូវនេះ ទំនងជាមានលាយមាស ទើបបានថ្លៃជាងគេហួសហេតុ។
ជាមួយនឹងការចំអកនេះ មានការរំលឹកឡើងវិញថា ការស្ថាបនាផ្លូវវេងស្រេង ជាង ៦គីឡូម៉ែត្រ មន្ត្រីសាលារាជធានីភ្នំពេញ បានប្រកាសថា បានចំណាយអស់ ១០លានដុល្លារ តែជាលុយវិនិយោគទេ ចំណែកផ្លូវអូរឌឹម-កប់ស្រូវ ក៏គេស្ថាបនាជាផ្លូវបេតុង ១គីឡូម៉ែត្រ មានតម្លៃជាង ១លានដុល្លារ ហើយមានការដាក់លូអមផ្លូវដូចគ្នា ហេតុអ្វីបានជាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ណឹម ម៉េង សាងសង់ផ្លូវជើងឯក ប្រវែង ១គីឡូ ដល់ទៅជិត ៣លាន ដុល្លារអាមេរិកទៅវិញ។ គេចាំបានថា សាលារាជធានីភ្នំពេញ មានបទពិសោធន៍ក្នុងការសាងសង់ ផ្លូវបេតុងជាច្រើន ទាំងការប្រើប្រាស់ឆ្អឹងដែក ឬឆ្អឹងប្ញស្សី ផ្លូវខ្លះបានមកពីការធ្វើបដិភាគ របស់ប្រជាពលរដ្ឋ ដែលគេនិយមថាផ្លូវ ៥០បូក៥០ ហើយផ្លូវខ្លះទៀតជាផ្លូវវិនិយោគ មិនគួរទទួលយកក្រុមហ៊ុន ណឹម ម៉េង ឲ្យម៉ៅការសាងសង់ផ្លូវនេះ ក្នុងតម្លៃថ្លៃជាងគេ នោះទេ។
មានការរំលឹកផងដែរថា លោក ណឹម ម៉េង ដែលជាប្រធានក្រុមហ៊ុន ទទួលបានសិទ្ធិស្ថាបនាផ្លូវជើងឯក ឬផ្លូវលេខ២១៧នេះ មានឋានៈជាឧត្តមសេនីយ៍ឯក មានងារជាឧកញ៉ា មានប្ញកក្រអឺតក្រទម អង្គរក្សរាប់សិបនាក់ ហែហមទៅណាមកណា ពោរពេញដោយ ឥទ្ធិពលអំណាច។ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយចំនួន ក៏បានចំអកផងដែរថា ទោះជាក្រុមហ៊ុន ណឹម ម៉េង និងមន្ទីរជំនាញ ដែលស្ថាបនាផ្លូវជើងឯកនេះ ឃុបឃិតគ្នាដាក់តម្លៃប៉ុន្មាន ក៏ដាក់ទៅ សំខាន់ក្រសួងសេដ្ឋកិច្ច ជាអ្នកធ្វើលទ្ធកម្ម មុនពេលសម្រេច ផ្តល់លុយឲ្យឬមិនឲ្យ។ ដូច្នេះរឿងដែលក្រុមហ៊ុន ណឹម ម៉េង ទទួលបានសិទ្ធិកសាង ផ្លូវបេតុងឆ្អឹងដែក ១គីឡូម៉ែត្រជិត៣លានដុល្លារអាមេរិកនោះ អាចប្រឈមនឹងហានិភ័យ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ និងផ្នែកលទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ច ស៊ើបអង្កេតពីបញ្ហានេះ ឲ្យបានស៊ីជម្រៅ៕
Source from: watphnom-news.com

Loading...
Loading...