ខឹងប្រុសស្នេហ៍ដោះដៃប្តឹងពីបទរំលោភ រស់នៅជាមួយគ្នាបាន ៨ឆ្នាំ ទើបត្រូវប៉ូលីសឃាត់ខ្លួន
ខេត្ដកណ្ដាល ៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ពីបទរំលោភសេពសន្ថវៈ បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ខណៈដែលស្ដ្រីរងគ្រោះ ភ្លេចដកពាក្យបណ្ដឹង ក្រោយពីបានត្រូវរ៉ូវ និងរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធអត់ខាន់ស្លា រហូតបានកូនអាយុ ៧ឆ្នាំ ។
បុរសដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ អឿន សំអាង អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានលោក កេង សុម៉ារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកណ្ដាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៤៦ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដោយចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្ដថា ច្រើនឆ្នាំមកហើយ គឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ជនត្រូវចោទឈ្មោះ អឿន សំអាង បានធ្វើសកម្មភាពរួមរ័ក ជាមួយស្ដ្រីឈ្មោះ ម៉ៅ វ៉ាត ជាច្រើនលើកច្រើនសា ។ ក្រោយមកឈ្មោះ អឿន សំអាង បានរត់គេចខ្លួន ចេញពីផ្ទះបាត់មួយរយៈ ដោយមិនព្រមទទួលខុសត្រូវ ជាមួយស្ដ្រីឈ្មោះ ម៉ៅ វ៉ាត រហូតធ្វើឱ្យស្ដ្រីរងគ្រោះ កើតទុក្ខមិនសុខចិត្ដ ក៏ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ ឱ្យជួយធ្វើអន្ដរាគមន៍ ។
កាលណោះសមត្ថកិច្ច ពុំអាចឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗនោះទេ ហើយក៏បានកសាង សំណុំរឿង និងសវតារជាតិ ឈ្មោះ អឿន សំអាង បញ្ជូនទៅកាន់តុលាការ ខេត្ដកណ្ដាល ដើម្បីចេញដីកាចាប់ខ្លួន ។ បន្ទាប់មកឈ្មោះ អឿន សំអាង បានសម្របសម្រួល ជាមួយស្ដ្រីរងគ្រោះនិងក្រុមគ្រួសារ រហូតចាប់ដៃគ្នា ជាប្ដីប្រពន្ធអត់ខាន់ស្លា រស់នៅផ្ទះជាមួយគ្នា ទើបតែនៅព្រឹកថ្ងៃទី២១ ខែឧសភា ឈ្មោះ អឿន សំអាង ត្រូវសមត្ថកិច្ចនគរបាល ចាប់ខ្លួនតែម្ដង ក៏ព្រោះតែស្ដ្រីជាប្រពន្ធអត់ខាន់ស្លា មិនបានទៅដកពាក្យបណ្ដឹងវិញ៕
Source from: watphnom-news.com

Loading...
Loading...