ស្ថានីយប្រេងឥន្ធនៈចិនខ្មៅ ដែលផ្អាកដំណើរការ ២ឆ្នាំ បង្កការភ័យខ្លាចដល់អ្នកក្បែរខាង
រាជធានីភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈចិនខ្មៅ ដែលមានទីតាំង នៅផ្លូវលេខ៦០៨ កែង២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានបិទរយៈពេល ២ឆ្នាំ កន្លងមកហើយ ទើបតែថ្មីៗនេះ បានចាប់ផ្តើមបើកដំណើរការ លក់ឡើងវិញធ្វើឲ្យប្រជាពលរដ្ឋ ដែលមានទីលំនៅជិតស្ថានីយប្រេងឥន្ធនៈនោះ មានការព្រួយបារម្ភ ពីហានិភ័យដែលអាច នឹងកើតមានជាយថាហេតុ ក៏នាំគ្នាតវ៉ាសូមឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហានេះ ជូនពួកគាត់ផង។
ប្រជាពលរដ្ឋរស់នៅជិត ស្ថានីយប្រេងឥន្ធនៈចិនខ្មៅ បានលើកឡើងថា កន្លងមកស្ថានីយខាងលើនេះ លក់ប្រេងឥន្ធនៈគ្រប់មុខ ដាក់ធុងនិងស៊ីទែនកប់ក្រោមដី ធ្វើឲ្យប្រជាពលរដ្ឋក្បែរខាង មានការព្រួយបារម្ភ ហើយបាននាំគ្នារៀបបង្វេច ខោអាវទុករួចជាស្រេច មិនដែលហ៊ានលាខោអាវដាក់ក្នុងទូទេ មានតែច្រកការុងប្រុងប្រៀប ទាំងយប់ទាំងថ្ងៃ។ ពួកគាត់បាននាំគ្នា ទៅប្តឹងតាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ សាលារាជធានីភ្នំពេញ សុំឲ្យបិទស្ថានីយមួយនោះ ឈប់ឲ្យធ្វើអាជីវកម្ម បានរយៈពេល ២ឆ្នាំ កន្លងមកហើយ។
ស្រាប់តែនៅចុងឆ្នាំ២០១៣ ម្ចាស់ស្ថានីយខាងលើនេះ បានលក់ដូរឡើងវិញ តាមរូបភាពលក់សាំងដប ទើបតែរយៈពេលប្រមាណ ១ខែ កន្លងមកនេះ ប្តូររូបរាងពីលក់ដប មកដាក់ធុងលក់វិញ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ ពីព្រោះទីតាំងខាងក្រោយ ស្ថានីយ ជាផ្លូវតូចចង្អៀត ដែលរថយន្តអគ្គិភ័យ មិនអាចចូលបានទេ អញ្ចឹងហើយបានជា ប្រជាពលរដ្ឋសុំឲ្យស្ថានីយខាងលើ ឈប់លក់ប្រេងបន្តទៀត សុំឲ្យប្តូរមុខរបរផ្សេងវិញ ពួកគាត់ឯកភាពបានទាំងអស់ ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានសំណូម សូមឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសសម្តេចតេជោ និងលោកជំទាវមេត្តា ជួយសម្រួលដល់ពួកគាត់ផង ។ ចំណែកខាងស្ថានីយ ប្រេងឥន្ធនៈចិនខ្មៅ វិញបានលើកឡើងថា ទីតាំងរបស់ខ្លួនបានសុំច្បាប់ ទៅដល់សាលារាជធានីភ្នំពេញ ហើយ គ្រាន់តែលិខិតអនុញ្ញាតិ មិនទាន់ចេញមកតែប៉ុណ្ណោះ ណាមួយមុខរបរលក់ប្រេងនេះ គាត់លក់តាំងពីឆ្នាំ១៩៨០ មកម្ល៉េះ បើសិនជាមិនឲ្យគាត់លក់ តើគាត់បានអីស៊ី ព្រោះផ្អាកឈប់ឲ្យគាត់លក់ដូររយៈពេល ២ឆ្នាំ មកហើយ នាំឲ្យមានការខាតបង់ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
Source from: watphnom-news.com

Loading...
Loading...