ប្រើពេលជាង ៦ម៉ោង លួចគាស់កំណប់មានតម្លៃ នៅក្រោមជណ្តើរសាលាឆាន់ វត្តប្រាសាទ
ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង បានឃាត់ខ្លួនបុរស ២នាក់ បន្ទាប់ពីបានធ្វើសកម្មភាព លួចគាស់កំណប់មានតម្លៃ នៅខាងក្រោមជណ្តើរ សាលាឆាន់ វត្តប្រាសាទ ស្ថិតក្នុងភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង តាំងពីវេលាម៉ោង ៨យប់ ថ្ងៃទី១ ខែឧសភា រហូតដល់ម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ រកកំណប់មិនឃើញ ហើយត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅកម្លាំង កងរាជអាវុធហត្ថ ស្រុកស្អាង។
ជនសង្ស័យ ២នាក់ ដែលត្រូវបានចាប់ខ្លួន រួមមានឈ្មោះ ទួន អៀងថៃ ភេទប្រុស អាយុ ៣៨ឆ្នាំមុខរបរកសិករ និងឈ្មោះ ឆយ ហុក ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរអ្នកនេសាទ អ្នកទាំងពីររស់នៅ ភូមិលេខ១ ឃុំ ប្រាសាទ ស្រុកស្អាង។ នេះជាលើកទី២ ហើយដែលមានករណី លួចជីកដីនៅក្រោមជណ្តើរ សាលាឆាន់ វត្តប្រាសាទហើយកាលពីយប់ថ្ងៃទី១៧ ខែមេសា គេឃើញមនុស្ស ៦ទៅ៧ នាក់ បានសែងឡាំងចំនួន ៦ដាក់ទូក ប៉ុន្តែមិនមានប្រភពណាមួយ បានស្គាល់មនុស្សទាំងនោះទេ។
ករណីជីករកកំណប់នេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សង្ស័យថា ជាប់ពាក់ព័ន្ធជាមួយ តាអាចារ្យវត្តម្នាក់ ឈ្មោះ ប៊ូ ជួប អាយុជាង ៧០ឆ្នាំ និងលោក មិត្ត ពូន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំប្រាសាទ ផងដែរ។ ព្រោះបើយោងតាម ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនិងអាជ្ញាធរ បានបញ្ជាក់ថា ពេលជនសង្ស័យទាំង ២នាក់ កំពុងធ្វើសកម្មភាព មានលោកតា អាចារ្យវត្តខាងលើ និងលោកនាយប៉ុស្តិ៍ នៅអង្គុយលើសាលាឆាន់ តែមិនទាន់អាចទាក់ទង សុំការបំភ្លឺបានទេ៕
Source from: watphnom-news.com

Loading...
Loading...