ឡានបើកបុកម៉ូតូ ស្លាប់និងរបួសធ្ងន់ ២នាក់ នៅនឹងកន្លែង ម្នាក់ទៀតរកសពមិនទាន់ឃើញ
ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េមួយគ្រឿងបើកយ៉ាងលឿន បានជ្រុលទៅបុកបុរស ៣នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យស្លាប់ទាំង ២នាក់ យ៉ាងអាណោចអាធ័មបំផុត ដោយម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ជាប់នឹងកាងរថយន្ត ដែលបើករត់គេចទៅបាត់ មិនដឹងជាយកទៅទម្លាក់ចោលដល់ទីណា ហើយបុរសម្នាក់ទៀត ដែលនៅមានជីវិត រងរបួសធ្ងន់ បែកក្បាលបែកមុខ និងបាក់ជើងខាងឆ្វេង ត្រូវក្រុមសង្គ្រោះ៧១១ ចុះជួយសង្គ្រោះអាយុជីវិតកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវកៅស៊ូ ភូមិទំនប់អង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះទី១-ឈ្មោះ សេង រ៉ាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងធ្វើផ្ទះ បាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ទី២- មិនបានស្គាល់ឈ្មោះ តែធ្វើជាងផ្ទះដូចគ្នា ស្លាប់ជាប់កាងរថយន្ត ដែលបើករត់ទៅបាត់ រកខ្មោចមិនទាន់ឃើញ។ ទី៣-ឈ្មោះ សួន ផន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាជាង ធ្វើផ្ទះដូចគ្នា ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិដូង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះបានជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរីចាស់ លើកំណាត់ផ្លូវកៅស៊ូ ស្រាប់តែមានរថយន្ត កូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ មិនចាំស្លាកលេខ មានដឹកប្រេងខ្មៅ បើកយ៉ាងលឿន ពីលិចទៅកើត ស្របទិសជាមួយម៉ូតូ ជ្រុលទៅបុកពីក្រោយ យ៉ាងពេញទំហឹងតែម្តង។
ជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ បានប៉ើងធ្លាក់ពីផ្លូវជាតិ ចូលវាលស្រែ ហើយបុរសម្នាក់ បានជាប់កាងរថយន្ត ស្លាប់រកមិនឃើញសាសព។ ចំណែកម៉ូតូត្រូវជាប់ពីក្រោមរថយន្ត អូសជាង ២០០ម៉ែត្រ ទើបរបូតចេញ ហើយជនរងគ្រោះម្នាក់ទៀត បានស្លាប់ នៅនឹងកន្លែងកើតហេតុ ក្នុងថ្លុកឈាម។ រថយន្តរបស់អង្គភាព៧១១ បានចុះជួយសង្គ្រោះអាយុជីវិត និងដឹកបញ្ជូនអ្នករងរបួសធ្ងន់ ទៅមន្ទីរពេទ្យបង្អែក ស្រុកបសេដ្ឋ។ ដោយឡែកម៉ូតូ ត្រូវសមត្ថកិច្ច យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការស្រុក គងពិសី រងចាំស្រាវជ្រាវ រករថយន្តបង្ក មកដោះស្រាយតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...