ផឹកស៊ីស្រវឹងនឹកឃើញរឿងចាស់ ទាញពូថៅកាប់ប្រពន្ធត្រូវក្បាល និងដាច់ម្រាមដៃគួរឲ្យរន្ធត់
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស្រវឹង ប្រើអំពើហិង្សាទាញពូថៅ មកកាប់ចំក្បាលប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ និងដាច់ម្រាមដៃ មួយកំណាត់ កាលពីវេលាម៉ោង ១២និង០៥ នាទីថ្ងៃត្រង់ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បុរសដែលបានកាប់ប្រពន្ធ មានឈ្មោះ ជួប តឿ ហៅតុយ អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធឈ្មោះ ឃឹម ឃី អាយុ ៣៧ឆ្នាំ មានកូន ៤នាក់ក្នុងបន្ទុក។ មុនពេលកើតហេតុ ប្តីប្រពន្ធនិងអ្នកជិតខាង ២នាក់ទៀត បានផឹកស្រាជុំគ្នា ពេលប្តីស្រវឹងក៏បានសួររឿងចាស់ ក្នុងលក្ខណៈប្រចណ្ឌថា ឯងម៉េចនៅទាក់ទង ជាមួយគេទៀត? ប្រពន្ធបានឆ្លើយថា «ម៉េចក៏រំលឹករឿងចាស់ ក្រែងយើងបានធ្វើកិច្ចសន្យា ជាមួយនគរបាលថា ឈប់រំលឹករឿងចាស់ ម៉េចក៏លើកយក មកនិយាយទៀត បើមិនពេញចិត្ត លែងខ្ញុំចោលក៏លែងទៅ។
ពេលនោះបុរសជាប្តី ខឹងសម្បាយ៉ាងខ្លាំងបានទាញពូថៅ មកកាប់ប្រពន្ធចំក្បាល លើត្រចៀកខាងឆ្វេងមួយពូថៅ ហើយប្រពន្ធបានលើកដៃឆ្វេងរង បណ្តាលអោយដាច់នាងដៃ មួយកំណាត់ជ្រុះដី។ សាច់ញាតិនិងអ្នកស្រុក បានដឹកបញ្ជូនស្ត្រីរងគ្រោះ មកកាន់មន្ទីរពេទ្យស្រុកបរិបូរណ៍ ដើម្បីអោយក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ព្យាបាល។ ចំណែកជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្ត៕
Source from: watphnom-news.com

Loading...
Loading...