ប្រទះឃើញសព នៅក្នុងព្រៃក្បែរក្លោងទ្វារជ័យ សង្ស័យអ្នកកាសែតជើងចាស់ ដែលបាត់ខ្លួន
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ក្មេងៗមួយក្រុមបានប្រទះឃើញសព ស្វិតរលួយមួយ នៅខាងមុខក្លោងទ្វារជ័យ ប្រមាណជាង ១០០ម៉ែត្រ និងបត់ស្ដាំ ចូលតាមផ្លូវដើរចូលក្នុងព្រៃ ប្រមាណជិត ៣០០ម៉ែត្រ ដែលនៅមិនឆ្ងាយប្រមាណ ពីផ្លូវដើរនោះ មានក្មេងៗដើរបាញ់សត្វ បានប្រទះឃើញសពនោះ ដែលសមត្ថកិច្ច និងអ្នកធ្លាប់ស្គាល់ លោក ដេវ វ៉ល៍ឃ័រ (Dave Walker) សង្ស័យថា សពនេះ ជាសពលោក ដេវ ដែលជា អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធ ជនជាតិកាណាដា ដ៏ល្បីម្នាក់ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ នៅក្រុងសៀមរាប ។
បើតាមប្រភពព័ត៌មាន ដែលបានចុះផ្សាយកន្លងទៅ បានឲ្យដឹងថា លោក ដេវ វ៉ល៍ឃ័រ បានចូលមកស្នាក់នៅ ក្នុងបន្ទប់ផ្ទះសំណាក់ ដែលមានយីហោ អង្គរ ហ្គីន វិលិ្លហ្គ (Green Village Angkor) នៅក្រុងសៀមរាប ហើយនៅរសៀល ម៉ោងប្រមាណជា ២និង០០ នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ លោកបានចាកចេញពីបន្ទប់ ដោយទុកទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងលិខិតឆ្លងដែន នៅក្នុងបន្ទប់ គឺលោកមិនបានយកទៅ ជាប់ជាមួយទេ គឺមានតែដបទឹកសុទ្ធ តែប៉ុណ្ណោះ ហើយតាំងពីពេលនោះរហូតមក លោកក៏បានបាត់ដំណឹង និងបាត់ខ្លួនឈឹងតែម្ដងទៅ ។
បន្ទាប់ពីការប្រទះឃើញសព នៅក្នុងព្រៃអង្គរ ដ៏មានមន្ទិល សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានសន្និដ្ឋានជំហានដំបូងថា មុនពេលស្លាប់ បុរសម្នាក់នេះ ទំនងជាអស់កម្លាំង ខ្យល់គរ ដួលសន្លប់ ហើយគ្មានអ្នកដឹង និងការជួយសង្គ្រោះ ទើបបណ្ដាលឲ្យស្លាប់យ៉ាងនេះ ហើយក៏មិនទាន់ដឹងប្រាកដថា ជាលោក ដេវ វ៉ល៍ឃ័រ ឬយ៉ាងណានៅឡើយទេ ។ ចំពោះសព ក៏មិនទាន់បានរៀបចំ យកចេញពីកន្លែងនោះ នៅឡើយដែរ ដោយទំនងរង់ចាំ ការអញ្ជើញមកដល់ ពីអ្នកតំណាងស្ថានទូត និងក្រុមគ្រូពេទ្យបរទេស ដើម្បីធ្វើកោសល្យវិច័យ សារជាថ្មីបន្ថែមទៀត ៕
Source from: watphnom-news.com

Loading...
Loading...