ផ្ទុះកំប៉ុងហ្កាសរលាករលួយ ទាំងម្តាយនិងកូនស្រីអាយុ ៣ខែកន្លះ គួរឲ្យសង្វេគបំផុត
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ ៣ខែកន្លះ រួមទាំងម្តាយ បានរងគ្រោះរលាករលួយ ពេញផ្ទៃមុខនិងដងខ្លួន ដោយសារផ្ទុះកំប៉ុងហ្កាស ដែលព្យួរទុកចោល នៅក្នុងរោងស្នាក់នៅ ក្នុងការដ្ឋានសំណង់ ផ្ទះល្វែងមួយកន្លែង បង្កឲ្យមានការភ័យតក់ស្លុត កាលពីវេលាម៉ោង ១និង១៥ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅម្តុំបឹងព្រលិត ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
ភ្លាមៗនោះក្រុមកម្មករ បានហៅរថយន្តសាមុយ មន្ទីរពេទ្យបង្អែកមានជ័យ ដឹកទាំងម្តាយ និងកូន យកទៅសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ឋបុប្ផា វិញ ។ ស្ត្រីជាម្តាយរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ ត្រូវបានដាក់ឲ្យដេក នៅក្នុងអង្រឹង នៅក្នុងរោងស្នាក់នៅ ដោយឡែកកំប៉ុងហ្កាស ត្រូវបានចងព្យួរ នៅលើដំបូលរោង មិនបានដាក់ដាំស្លរអីទេ។
ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែកំប៉ុងហ្កាសនោះ ផ្ទុះឡើង ហើយបណ្តាលឲ្យឆាបឆេះ រោង និងដាច់ខ្សែអង្រឹង ព្រមទាំងកូនស្រី ធ្លាក់ចូលភ្លើង ឆេះរោលរលាក ពេញខ្លួនតែម្តង។ ក្មេងស្រីរងគ្រោះ មានឈ្មោះ ហេង សុគន្ឋ អាយុ ៣ខែកន្លះ ត្រូវរងរបួស រលាត់ស្បែក លើថ្ពាល់ស្តាំ និងភ្លៅឆ្វេង។ ចំណែកម្តាយរងរបួសលើថ្ងាស់និងដៃ មានឈ្មោះ សឿង សាត អាយុ ៤០ឆ្នាំ និងប្តីឈ្មោះ ហេង ប៊ុណ្ណា អាយុ ៣២ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានកើតហេតុ មានស្រុកកំណើតនៅភូមិបឹងត្រាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕
Source from: watphnom-news.com

Loading...
Loading...