លោក កែវ ពៅ លើកបន្តុបកូនប្រុសស្រី ដែលទើបចូលបម្រើក្របខណ្ឌរដ្ឋ ឲ្យកាន់តំណែងធំៗ ក្នុងមន្ទីរសាធារណការ នាំឲ្យមន្ត្រីតូចតាចប្រតិកម្ម
ខេត្តកំពង់ឆ្នាំង ៖ ចាប់តាំងពីពេលដែលលោក យឹម វណ្ណា ជាអនុប្រធានមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង បានទទួលមរណភាព គេសង្កេតឃើញភាពរំជើប រំជួលនៃការរត់ការ ជ្រែយកតំណែងសំខាន់ៗ ក្នុងអង្គភាពនេះ កើតមានយ៉ាងផុសផុល ហើយទីបំផុតលោក កែវ ពៅ ដែលជាប្រធានមន្ទីរ បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន តែងតាំងមន្ត្រី និងសាច់ញាតិរបស់ខ្លួន ឲ្យកាន់ការងារសំខាន់ៗក្នុងមន្ទីរ ជាការអនុវត្តផ្ទុយពីគោលការណ៍ កែទម្រង់ស៊ីជម្រៅ ធ្វើឲ្យមន្ត្រីតូចតាចជាច្រើន មិនសប្បាយចិត្តនោះទេ ដែលទាមទារឲ្យលោក ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន មេត្តាពិនិត្យមើល បញ្ហានេះឡើងវិញផង។
មន្ត្រីតូចតាចបានបង្ហើបឲ្យដឹងថា លោក កែវ ពៅ បានប្រើអំណាច តែងតាំងលោក លី ចាន់រិទ្ធី ដែលជាប្រធានការិយាល័យ សាធារណការ ឲ្យឡើងធ្វើជាអនុប្រធានមន្ទីរ ជំនួសសពលោក យឹម វណ្ណា ហើយវាជាឱកាស ដែលលោក កែវ ពៅ បានលើកបន្តុប កូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ កែវ រដ្ឋា ដែលមិនទាន់ជ្រុះអាចម៍ក្របី ពីក្បាលស្រួលបួលផង និងទើបតែចូលបម្រើការងារបានរយៈពេល ២ឆ្នាំ ប៉ុណ្ណោះ ឲ្យឡើងធ្វើជាប្រធានការិយាល័យ សាធារណការ យ៉ាងគឃ្លើនបំផុត។ ដោយឡែកកូនស្រីបង្កើតម្នាក់ទៀត របស់លោក កែវ ពៅ ដែលគេមិនទាន់ប្រាប់ឈ្មោះ ទើបតែចូលបម្រើការងារ ក្នុងមន្ទីរសាធារណការ ត្រឹមរយៈពេល ១ឆ្នាំថ្មីៗសោះ ត្រូវបានតែងតាំង ឲ្យធ្វើជាអនុប្រធានការិយាល័យ ដោយមិនខ្វល់ពីអារម្មណ៍ របស់មន្ត្រីដែលមានអតីតភាពការងារយូរឆ្នាំ។
ក្រោមការដឹកនាំ របស់លោក កែវ ពៅ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានកើតមានភាពអសកម្ម ពុករលួយជាហូរហែ ដូចជាមន្ត្រីដែលមាន អតីតភាពការងារយូរឆ្នាំ មិនដែលទទួលបានមេដាយការងារ ពីរដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញសូម្បីតែ តៃកុងឡានរបស់លោក កែវ ពៅ ដែលគ្រាន់តែជា បុគ្គលិកបណ្តែតបែរជា ទទួលបានមេដាយ ឬប័ណ្ណសរសើរផ្សេងៗ និងមានអំណាចត្រួតត្រា ទៅលើមន្ត្រីដទៃតាមតែអំពើចិត្ត។ មានការលើកឡើងផងដែរថា ពេលមន្ត្រីមួយចំនួនសួរនាំ ពីការផ្តល់មេដាយ ឬប័ណ្ណសរសើរ ឬតែងតាំងមុខតំណែងផ្សេងៗលោក កែវ ពៅ តែងតែលើកឡើងថា មន្ត្រីចាស់ៗគ្មានសមត្ថភាព មិនចេះភាសាអង់គ្លេស មិនចេះកុំព្យូទ័រ ជាដើម ហើយគេដឹងថា លោក កែវ ពៅ ក៏គ្មានសមត្ថភាពដូចគ្នា ហេតុអ្វីគាត់អាចធ្វើ ជាប្រធានមន្ទីរ រហូតតែងតាំងកូន ប្រុសស្រីរបស់គាត់ ឲ្យកាន់ការងារសំខាន់ៗ ផ្ទុយពីគោលនយោបាយកែទម្រង់ស៊ីជម្រៅ។
បើតាមការលើកឡើង របស់មន្ត្រីមួយចំនួន បានឲ្យដឹងថា កន្លងមកលោក កែវ ពៅ និងមន្ត្រីជំនិតៗរបស់គាត់ ត្រូវបានអង្គភាពប្រឆាំអំពើពុករលួយ កោះហៅទៅសួរនាំ ពីភាពមិនប្រក្រតីពាក់ព័ន្ធការផ្តល់ប័ណ្ណ បើកបររថយន្តរាប់ម៉ឺនសន្លឹក ដែលសាលាបើកបរដៃចំណាន ប្រមូលមកពីគ្រប់ ២៤ខេត្ត ក្រុង យកមកជ្រែរត់ការឲ្យលោក កែវ ពៅ ចេញប័ណ្ណបើកបរ ហើយទោះបីជាម្ចាស់ប័ណ្ណបើកបរ មានទីលំនៅក្នុងខេត្តណាក៏ដោយ គេដាក់អាសយដ្ឋាន រស់នៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសអ្នកដែលទទួលបាន ប័ណ្ណបើកបរមិនប្រក្រតីទាំងនោះ មិនបានឆ្លងកាត់ការប្រឡងដៃចង្កូត ឬការប្រឡងទ្រឹស្តីនោះទេ។ អង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យមើលភាពមិនប្រក្រតី និងការតែងតាំងកូនប្រុស កូនស្រី របស់លោក កែវ ពៅ ឲ្យកាន់តួនាទីធំៗផ្ទុយពីបែបបទរដ្ឋបាល ឡើងវិញជាបន្ទាន់៕
Source from: watphnom-news.com

Loading...
Loading...