ឃាត់ខ្លួនថៅកែទឹកសុទ្ធ GLAD FOR All ពីរឿងឆបោកលុយ អ្នកដឹកទំនិញជាង ៤ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ ថៅកែទឹកសុទ្ធ GLAD FOR All ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ពាក់ព័ន្ធទៅនឹងអំពើឆបោក ប្រាក់ជាង ៤ ម៉ឺនដុល្លារអាមេរិក ក្រោមរូបភាពឲ្យគេដឹកដបទឹកសុទ្ធ មកឲ្យខ្លួនគ្រប់ចំនួន តែមិនព្រមសងលុយ។ ជនសង្ស័យមានឈ្មោះ អេង បុង ម៉ារឌី ភេទប្រុស អាយុ ៣២ឆ្នាំ ប្រពន្ធឈ្មោះ មុំ កញ្ញារា អាយុ ២៨ឆ្នាំ រស់នៅផ្ទះលេខ៨៥B ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ម្ចាស់បណ្តឹងមានឈ្មោះ ងៀង យ៉ាំង យ៉ ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ តាមពាក្យបណ្តឹង របស់ឈ្មោះ ងៀង យ៉ាំង យ៉ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ក្រុមហ៊ុនទឹកសុទ្ធ GLAD FOR ALL មានទីតាំងនៅដីឡូត៍លេខ២៥៣ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឈ្មោះ អេង បុង ម៉ារឌី និងប្រពន្ធឈ្មោះ កញ្ញារា បានប្រើល្បិចលួងលោមខ្លួន ឲ្យចេញប្រាក់ជាមុនទិញទំនិញ និងដឹកទំនិញ ជាដបប្លាស្ទិកច្រកទឹកសុទ្ធ ពីប្រទេសវៀតណាម មកដាក់នៅក្រុមហ៊ុនទឹកសុទ្ធ GLAD FOR ALL ដោយឲ្យអ្នកដឹកចេញថ្លៃ រត់ការសេវាគយព្រំដែន និងការចំណាយតាមផ្លូវទាំងអស់ ហើយពេលណា ដឹកទំនិញគ្រប់ចំនួន ទើបពួកគេប្រគល់ប្រាក់ គ្រប់ចំនួនដែរ។
លុះដល់ពេលទំនិញទាំងអស់ ត្រូវបានដឹកជាច្រើនរថយន្ត មកស្តុកនិងប្រគល់ ឲ្យឈ្មោះ អេង បុង ម៉ារឌី នៅក្រុមហ៊ុនទឹកសុទ្ធ GLAD FOR ALL រួចហើយ និងមានទាំងប្រពន្ធឈ្មោះ មុំ កញ្ញារា ចុះហត្ថលេខាលើវិក័យប័ត្រ ទូទាត់ត្រឹមត្រូវ គ្រប់ចំនួនស្រាប់តែ លោក អេង បុង ម៉ារឌី និងប្រពន្ធ មិនប្រគល់ប្រាក់ថ្លៃទំនិញ ទាំងនោះឲ្យឡើយ ដែលសរុបថ្លៃទំនិញទាំងអស់ចំនួន ៤០៦២២,៧៩ ដុល្លារ ហើយទាំង ២នាក់ប្តីប្រពន្ធ បានគេចមុខ មិនព្រមបង់ប្រាក់ ហើយនៅពេលដែលជួបនៅតាមផ្លូវ ដោយចៃដន្យ ឈ្មោះ អេង បុង ម៉ារឌី ថែមទាំងយកកែវទឹក គប់មកលើជនរងគ្រោះទៀត ទើបឈ្មោះ ងៀង យ៉ាំង យ៉ ដាក់ពាក្យប្តឹង មកក្រសួងមហាផ្ទៃតែម្តង។
ក្នុងនោះលោកព្រះរាជអាជ្ញារង ហៀង សុភក្ត្រ បានអនុញ្ញាតិឲ្យ អាជ្ញាធរយុត្តិធម៌ ចុះស៊ើបអង្កេតបឋម កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ និងចេញដីកាបញ្ជា ឲ្យចូលខ្លួនលេខ ៨៤ អយញ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ហើយនគរបាល ទើបតែឃាត់ខ្លួនឈ្មោះ អេង បុង ម៉ារឌី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤នេះ។ ពាក់ព័ន្ធនិង ការប្តឹងចោទប្រកាន់នេះ ឈ្មោះអេង បុង ម៉ារឌី បានសារភាពថា ខ្លួនពិតជាបានឲ្យឈ្មោះ ងៀង យ៉ាំង យ៉ ចេញលុយជាមុន ទិញទំនិញ និងដឹកពីប្រទេសវៀតណាម មកឲ្យខ្លួននៅប្រទេសកម្ពុជា មានទឹកប្រាក់ ៤ម៉ឺនដុល្លារ ហើយមិនទាន់សងប្រាក់ ទៅឲ្យឈ្មោះ ងៀង យ៉ាំង យ៉ ពិតប្រាកដមែន៕
Source from: watphnom-news.com

Loading...
Loading...