ក្រុម Hackers ២នាក់ទៀតត្រូវឃាត់ខ្លួន បន្ទាប់ពីវាយលុកគេហទំព័រ ប្រឆាំងអំពើពុករលួយ
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ខ្លួនបានចាប់អ្នកលុកលុយ ចូលគេហទំព័ររបស់ខ្លួន ចំនួន ២នាក់ កាលពីថ្ងៃទី១ ខែឧសភា បន្ទាប់ពីពួកគេ បានចូលវាយលុក គេហទំព័ររបស់អង្គភាព ប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤កន្លងទៅ គឺមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ ដោយពួកគេប្រកាសថា ខ្លួនបានវាយលុកទៅលើគេហទំព័រ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមទៀត។
សូមរំលឹកថា គេហទំព័ររបស់ក្រុមហ៊ុន កាណាឌីយ៉ា និងគេហទំព័ររបស់ អាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ក៏រងការវាយប្រហារ និងលួចយកទិន្នន័យ សំខាន់ៗ ពីក្រុមទាំងនេះដែរ។ យោងតាមគេហទំព័រ របស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលបានប្រកាសនៅថ្ងៃទី២ ខែឧសភា បានឲ្យដឹងថា ក្រុម Hackers នេះបានចូលលុកលុយ គេហទំព័រអង្គភាព កាលពីព្រឹកថ្ងៃទី២៩ ខែមេសា កន្លងទៅ ប៉ុន្តែក្នុងរយៈពេលមួយម៉ោងកន្លះមក ACU បានទប់ស្កាត់ទាន់ពេលវេលា។
តែទោះជាយ៉ាងណា អង្គភាពប្រឆាំងអំពើពុករលួយ ពុំបានបញ្ជាក់ពីអត្តសញ្ញាណ ក្រុមអនាមិក ឬក្រុម Hackers ដែលបានវាយប្រហារ ទៅលើគេហទំព័រ របស់ខ្លួននោះទេ។ កាលពីថ្ងៃទី២៩ ខែមេសា ក្រុមអនាមិកកម្ពុជា (Anonymous Cambodia) បានសរសេរនៅលើ ទំព័រហ្វេសប៊ុករបស់ខ្លួន ដោយប្រកាស និងព្រមាន ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយថា «ទិន្នន័យរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានទម្លាយដោយ Anonymous Cambododia»។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យអ្នកកាសែត ក្នុងស្រុកដឹងថា ក្រុម Hacker ទាំងពីរ នាក់ ត្រូវបានអង្គភាពរបស់លោក តាមរយៈក្រុមបច្ចេកទេសវ័យក្មេង ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន រយៈពេល ២ថ្ងៃ ក្រោយការវាយប្រហារ ទៅលើគេហទំព័រអង្គភាព របស់លោក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ដែលក្រុម Hacker ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅតាមខេត្ដ ហើយនាំមកកាន់អង្គភាព ប្រឆាំងអំពើពុករលួយ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៤៕
Source from: watphnom-news.com

Loading...
Loading...