មន្ត្រីយោធាស្រវឹងធ្លាក់ភ្នែក បើកឡានបុករបាំងដែកចែកទ្រូងផ្លូវ លើស្ពានអាកាស ៧មករា
រាជធានីភ្នំពេញ ៖ របាំងដែកពុះចែកទ្រូងផ្លូវ លើស្ពានអាកាស ៧មករា ចំនួន ១៥ផ្ទាំង ទទួលរងការខូចខាត ដោយសារបុរសម្នាក់ ជាមន្ត្រីយោធា ស្រវឹងស្រាជោកជាំ ហើយបានបើករថយន្តកាមរីបាឡែន លឿនដូចហោះ ទៅបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១និង៤៥ នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅលើស្ពានអាកាស ៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
រថយន្តបង្កត្រូវបានគេដឹងថា ជាប្រភេទរថយន្ត កាមរីបាឡែន ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2R-8815 បើកបរដោយបុរសម្នាក់ ជាមន្ត្រីយោធា ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក។ មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក បើកបរយ៉ាងលឿន តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុច គល់ស្ពានអាកាស ៧មករា រថយន្តបានបន្ថែមល្បឿន លឿនដូចហោះ សំដៅឡើងលើ ស្ពានអាកាស៧មករា។
ស្រាប់តែមកដល់លើស្ពាន រថយន្តបានជ្រុលចង្កូត ទៅបុករះរបាំងដែក ពុះចែកទ្រូងផ្លូវបាក់អស់ ១៥ផ្ទាំង តែដោយសាររថយន្ត មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពាន កៀប ជាប់ទៅមុខលែងរួច។ ក្រោយពេលកើតហេតុ ទាំងអ្នកបើកបរ និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចប៉ូលិស បញ្ជូនទៅកាន់ ការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាត ទ្រព្យសម្បត្តិរដ្ឋ ទៅតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...