ផ្កាយនៅកម្ពុជាសម័យគ្រប់គ្រងអំណាចដោយបុរសខ្លាំង”រះក៏លឿន លិចវិញក៏លឿន”
រូបភាពនៃការដំឡើងឋានន្តរស័ក្តិ ឬបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទថ្នាក់ឧត្តមសេនីយ៍មួយចំនួន នាសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការគ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺហាក់ដូចជាគ្មានឈរលើមូលដ្ឋាន និងលក្ខណៈសម្បត្តិច្បាស់លាស់សោះ បែរជាផ្តេកផ្តួលពឹងផ្អែកតាមលុយកាក់ តាមបក្ខពួកនិយម និងតាមទម្រង់និន្នាការនយោបាយទៅវិញ ដ្បិតមាននាយនគរបាលខ្លះត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយមិនបាច់ឆ្លងកាត់ពាក់ផ្កាយ១ ឬពាក់ផ្កាយ២ឡើយ នាយនគរបាលខ្លះរយៈពេល២ខែសោះឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ចំនួន១កាំ(ផ្កាយ១ឡើងផ្កាយ២) នាយទាហានខ្លះរយៈពេលតែមួយឆ្នាំ ឬ២ឆ្នាំ បានឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍១កាំៗជាលំដាប់ ។ ទន្ទឹមនឹងនេះ ក៏មាននាយទាហាន ឬនាយនគរបាលខ្លះជ្រុះផ្កាយអស់ពីលើស្មាលឿនស្លេវដូចព្រួញផងដែរ ដែលមានព័ស្តុតាងជាក់ស្តែងដូចខាងក្រោម ៖
១-លោក ថាវ គឹមឡុង នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០១៣៩ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៤/១៤៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៤ (ជំនាន់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវដងត្រូវផ្លែជាមួយសម្តេច ហ៊ុន សែន) ។ នៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ ខណៈដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទាស់ទែងខ្វែងគំនិតគ្នាជាមួយសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ លោកឧត្តមសេនីយ៍ឯក ថាវ គឹមឡុង ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកចោលវិញភ្លាម ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧៧៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៨ ។ លុះក្រោយមក នៅពេលដែលលោក ថាវ គឹមឡុង ចេះប្រើក្បាច់គុនដង្ហែតាមគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសម្តេច ហ៊ុន សែន ហៅបុរសខ្លាំង ពេញចិត្ត ក៏ត្រូវបានផ្តល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកគ្រាន់ពាក់លើស្មាវិញភ្លាមៗដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១១៤៣ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ ដោយមិនចាំបាច់ឆ្លងកាត់ពាក់ផ្កាយ១ ឬពាក់ផ្កាយ២ ជាមុនសិនអ្វីឡើយ ។
២-លោក សៅ រ៉ានី នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០៤០៤ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៤/១៥៥ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៤ នៅពេលដែលសម្តេច ហ៊ុន សែន កំពុងសប្បាយចិត្ត ដ្បិតគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលរួមបង្កើតរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិទី៣ ។ ឈានចូលមកដល់សម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ ខណៈសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទាស់ទែងខ្វែងគំនិតគ្នាជាមួយសម្តេច ហ៊ុន សែន នោះ លោកឧត្តមសេនីយ៍ឯក សៅ រ៉ានី ក៏ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកចោលវិញភ្លាម ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧៧៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៨ ។ លុះក្រោយមកទៀត នៅពេលលោក សៅ រ៉ានី ចេះសម្របខ្លួនដង្ហែតាមគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសប្បាយចិត្ត ក៏ត្រូវបានផ្តល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)សម្រាប់ពាក់លើស្មាវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១១៤៣ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ ដោយមិនបាច់ឆ្លងកាត់ពាក់ផ្កាយ១ ឬពាក់ផ្កាយ២ជាមុនសិនឡើយ ដូចករណីលោកឧត្តមសេនីយ៍ឯក ថាវ គឹមឡុង ដែរ ។
៣-លោក ឌឿន សុវណ្ណ នាយនគរបាលជាតិខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧០៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨ (ព្រះរាជក្រឹត្យសរសេរអត្តលេខខុសទៅទៀតថា អត្តលេខ០២១៩៦) ។ រយៈពេលប្រមាណ២ខែកន្លះក្រោយមក លោកឧត្តមសេនីយ័ត្រី ឌឿន សុវណ្ណ ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) វិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៦៦ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៨ (ព្រះរាជក្រឹត្យសរសេរថា អត្តលេខ០២១៦៩) ។ លោកឧត្តមសេនីយ៍ទោ ឌឿន សុវណ្ណ ក៏ត្រូវបានតែងតាំងផងដែរជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៤២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ពោលគឺត្រូវមានងារជាឯកឧត្តម ។ ក្រោយមកទៀត ឯកឧត្តមសេនីយ៍ទោ ឌឿន សុវណ្ណ ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១១/៣៩៦ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ ។ ប៉ុន្តែនៅទីបំផុត ព្រោះតែឈ្លក់នឹងអំណាច និងទ្រព្យសម្បត្តិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ ហ៊ានបញ្ជាយុវជនស្ម័គ្រចិត្តសម្តេចនាយករដ្ឋមន្ត្រីចុះវាស់វែងដីធ្លីឲ្យប្រពន្ធខ្លួនឯង ទើបធ្វើឲ្យឯកឧត្តម ឧត្តមសេនីយ៍រូបនេះត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងបញ្ឈប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១២/៩៣៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ។
៤-លោក ឈឿន ចាន់ថន ហៅ ម៉ៅ នាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៣៣៦១ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/១៨៦ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៤ និងត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៩២ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៦ ។ ប្រមាណមួយឆ្នាំក្រោយមក លោកឧត្តមសេនីយ៍ទោ ឈឿន ចាន់ថន ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៧/៥២១ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ។ ក្រៅពីបានតែងតាំងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ឈឿន ចាន់ថន ក៏ត្រូវបានតែងតាំងផងដែរជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៧៤ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៧ ។ លោកឧត្តមសេនីយ៍ ឈឿន ចាន់ថន ក៏ត្រូវបានតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៧២ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៦ ។ នៅទីបំផុត បន្ទាប់ពីមានរឿងរ៉ាវជាប់ចោទចំនួន៤បទល្មើសនៅស្ថាប័នតុលាការរួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក ឧកញ៉ា ឈឿន ចាន់ថន ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១១/៧៦៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ព្រមទាំងត្រូវបានបញ្ឈប់មុខងារពីទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១១/៧៦៩ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ក៏ដូចជាបញ្ឈប់មុខតំណែងពីមេបញ្ជាការកងអង្គរក្សសម្តេចប្រធានព្រឹទ្ធសភាផងដែរ ។
សរុបសេចក្តីមក យោងតាមព័ស្តុតាងជាក់ស្តែងដូចបានលើកឡើងខាងលើ បានឆ្លុះបញ្ចាំងឲ្យឃើញថា ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍របស់នាយទាហាន និងនាយនគរបាលជាតិនៅកម្ពុជា ក្រោមការដឹកនាំរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី គឺអាចលិច អណ្តែតមិនទៀងទាត់ របៀប"រះក៏លឿន លិចវិញក៏លឿន" អាស្រ័យទៅលើកត្តាអារម្មណ៍របស់បុរសខ្លាំងភាគច្រើន និងលើកត្តាអ្នកពាក់ផ្កាយមិនចេះថែរក្សាផង ជាហេតុធ្វើឲ្យកិត្យានុភាពកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិអាប់ឱនគ្មានភាពរុងរឿងឡើយ ៕
Source from: www.dtn7.com

Loading...
Loading...