ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល”ឡើងជ្រញ់”មុនគេចំពោះមុខសភាគណបក្សកាន់អំណាច
ប្រសិនបើគ្មានការប្រែប្រួលកាលបរិច្ឆេទថ្មីទេនោះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ប្រភពពីគណបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋសភានីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជាដែលមានអ្នកតំណាងរាស្ត្រចំនួន៦៨នាក់នោះកោះអញ្ជើញឲ្យចូលបំភ្លឺរដ្ឋសភាអំពីការដឹកនាំ និងគ្រប់គ្រងលើវិស័យរ៉ែ និងថាមពលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ខាងមុខ ស្របតាមមាត្រា៨៩នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។
ការណ៍ដែលរដ្ឋសភាគណបក្សប្រជាជនកម្ពុជាអញ្ជើញឯកឧត្តម ស៊ុយ សែម ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងការគ្រប់គ្រង និងដឹកនាំលើវិស័យរ៉ែ និងថាមពល គឺអាចចាត់ទុកជាឥស្សរជនទីមួយហើយក្នុងនាមជារដ្ឋមន្ត្រីស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវ"ឡើងជ្រញ់"បំភ្លឺរដ្ឋចំពោះមុខរដ្ឋសភា បន្ទាប់ពីរដ្ឋសភានីតិកាលទី៥សមាសភាពមកពីគណបក្សប្រជាជនកម្ពុជាចាប់កំណើតឡើងអស់រយៈពេលជិត១ឆ្នាំមកនេះ ។
ឯកឧត្តម ស៊ុយ សែម អាយុ៦៦ឆ្នាំ អតីតអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តពោធិ៍សាត់ ប្រភពពីគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានពុះបំបែកជាពីរ នៅក្នុងអាណត្តិទី៥របស់រាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី (ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល) ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺឯកឧត្តម ស៊ុយ សែម មានភរិយាឈ្មោះ ជា ខេង ដែលលោកជំទាវ ជា ខេង ជាអ្នកមានឥទ្ធិពលគ្រប់គ្រងលើក្រុមហ៊ុនឯកជនមួយមានរឿងអាស្រូវដីធ្លីនៅខេត្តកំពង់ឆ្នាំង ឈ្មោះ KDC International ។ លើសពីនេះ ឯកឧត្តម ស៊ុយ សែម ក៏មានសាច់ញាតិ បងប្អូន កូនក្មួយបម្រើការងារនៅក្នុងក្រសួង ឬក្រោមឱវាទក្រសួងរ៉ែ និងថាមពលផងដែរ ដូចជាឯកឧត្តម កែវ រតនៈ ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) មានឋានៈស្មើរដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាដើម…។ល។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ចម្លើយបំភ្លឺរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជារដ្ឋមន្ត្រីមានទ្រព្យសម្បត្តិមហាសាលមួយរូបដែរនោះ នៅចំពោះមុខអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺនឹងត្រូវបាន"ប្រថាប់ត្រា"ដោយរដ្ឋសភាទៅលើការគ្រប់គ្រង និងដឹកនាំក្នុងវិស័យរ៉ែ និងថាមពល ដូចជា សកម្មភាពនៃការរុករករ៉ែក្រោមដីរបស់ក្រុមហ៊ុនឯកជននានា និងការស្ថាបនាស្ថានីយ៍វារីអគ្គិសនីដែលកំពុងមានភាពចម្រូងចម្រាសនៅតំបន់នៃការអនុវត្តគម្រោងមួយចំនួន ៕
Source from: www.dtn7.com

Loading...
Loading...