ស្រវឹងជោកបើកកូរ៉ូឡា បុកឡានឡិចស៊ីស កំពុងឈប់ភ្លើងស្តុបក្រសួងមហាផ្ទៃ លាន់ដូចរន្ទះ
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកយ៉ាងលឿនទៅបុកជាមួយ រថយន្តឡិចស៊ីស RX300 កំពុងឈប់ភ្លើងស្តុប បណ្តាលឱ្យរថយន្តកូរ៉ូឡា រងការខូចខាតមួយកំណាត់មុខ និងបែកពោងការពារ ចំណែកឯរថយន្តឡិចស៊ីស ផ្លោងនិងបង្វិលក្បាល ទៅប៉ះនិងខ្លោងទ្វារចូលក្រសួងមហាផ្ទៃ ប៉ុន្តែអ្នកបើកបរមិនមានរងរបួសនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចកែងស្តុប ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉ូឡា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9559 បើកបរដោយបុរសម្នាក់ និងរួមដំណើរ ដោយបុរសម្នាក់ទៀត យ៉ាងលឿន ក្នុងស្ថានភាពស្រវឹងជោកជាំ តាមផ្លូវព្រះនរោត្ថម ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បានទៅបុកជាមួយ រថយន្តឡិចស៊ីស RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-19 69 កំពុងឈប់ចាំស្តុប យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉ូឡា រងការខូចខាតមួយកំណាត់មុខ។
នៅពេលសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុ គេឃើញបុរសម្នាក់ ពាក់អាវពណ៌ខ្មៅ ជាតៃកុងរថយន្តកូរ៉ូឡា ហើយមានអាការៈស្រវឹងជោកជាំ បានជេរប្រមាថយ៉ាងចាស់ដៃ ទៅលើម្ចាស់រថយន្តឡិចស៊ីស និងសមត្ថកិច្ច ព្រមទាំងគំរាមរកវ៉ៃ ទាំងសមត្ថកិច្ចនិងម្ចាស់រថយន្ត ឡិចស៊ីសទៀតផង ។ យ៉ាងណាក៏ដោយ បុរសបើករថយន្តកូរ៉ូឡា ដែលជេរប្រមាថ និងគំរាម វ៉ៃសមត្ថកិច្ច និងម្ចាស់រថយន្តឡិចស៊ីស ត្រូវបញ្ជូនទៅសាកសួរ នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ តាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...