បើកម៉ូតូលឿនដូចព្រួញជ្រុលបុកគ្នា ស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងរបួសធ្ងន់ម្នាក់
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង ៧និង២៥ នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ ហាងលក់ទូរស័ព្ទសេរីភាព ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ លឿង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១E-៩៤០៣។ ជនរងគ្រោះម្នាក់ទៀត បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១E-៩១០៥ ជនរងគ្រោះជាម្ចាស់ម៉ូតូរូបនេះ សមត្ថកិច្ចពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។
មុនពេលកើតហេតុ គេឃើញអ្នកជិះម៉ូតូ ពាក់ស្លាកលេខ ១E-៩១០៥ បើកម៉ូតូម្នាក់ឯង ចេញពីទិសខាងកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកចេញពីផ្លូវ ផ្សារសិរីសោភ័ណ ជិះដោយជនរងគ្រោះ បាត់បង់ជីវិតខាងលើតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ហើយបម្រុងបត់ឆ្វេង។ រំពេចនោះក៏ត្រូវម៉ូតូ ដែលបើកបរក្នុងទិសដៅ ពីលិចទៅកើត បុកចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង០២គ្រឿង ផ្លោងបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ទាំង២នាក់។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយដោយសារ ស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះម្នាក់ បានដាច់ខ្យល់ស្លាប់។ ចំណែកម្នាក់ទៀត នៅមានដង្ហើមចង្រឹត ដេកសន្លប់បាត់ស្មារតី ពុំទាន់មានសាច់ញាតិ មកសួរសុខទុក្ខនៅឡើយទេ។ មូលហេតុបង្កឲ្យមាន គ្រោះថ្នាក់នេះ គឺអ្នកស្លាប់បើកម៉ូតូ មិនគោរពសិទ្ធិអាទិភាព និងអ្នករងរបួសធ្ងន់ បើកម៉ូតូលឿន ហួសល្បឿនកំណត់ ក្នុងទីប្រជុំជន។ ម៉ូតូទាំង០២គ្រឿង ត្រូវសមត្ថកិច្ច អូសយកមករក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...