សំណុំរឿងក្តីអតីតផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ ដែលធ្វើឲ្យបុរសខ្លាំង”ឆេះដុំ”បាត់ស្ងាត់ឈឹងនៅតុលាការ
បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការរួចមក លោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ដែលធ្វើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រតិកម្ម"ឆេះដុំ"តាមកញ្ចក់ទូរទស្សន៍ ព្រោះតែហ៊ានបញ្ជាឲ្យយុវជនស្ម័គ្រចិត្តបុរសខ្លាំងវាស់វែងដីធ្លីជូនប្រពន្ធរបស់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់នោះ ត្រូវបានរាជរដ្ឋាភិបាលកសាងសំណុំរឿងប្តឹងទៅស្ថាប័នតុលាការថែមទៀត ។
សំណុំរឿងក្តីរបស់លោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក និងជាអតីតទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើរដ្ឋលេខាធិការនៅស្ថាប័នតុលាការ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសម្លុតគំរាមតាមបញ្ញតិ្តមាត្រា៦០៧ និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ តាមបញ្ញត្តិមាត្រា៦០៩នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា រួចហើយបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ នៅក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ឌឿន សុវណ្ណ មិនត្រូវបានលោក លី លីបម៉េង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នអ្វីឡើយ គឺបានត្រឹមសម្រេចដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការប៉ុណ្ណោះ ។
ទោះយ៉ាងណាក្តី រហូតមកទល់បច្ចុប្បន្ននេះ សំណុំរឿងក្តីដ៏រសើបរបស់លោក ឌឿន សុវណ្ណ ហាក់ដូចជាកប់បាត់ស្ងាត់ឈឹងនៅស្ថាប័នតុលាការ បន្ទាប់ពីចៅក្រមស៊ើបសួរបានបិទបញ្ចប់សំណុំរឿងស៊ើបសួររួចហើយបញ្ជូនទៅជំនុំជម្រះតាមច្បាប់ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមការចោទប្រកាន់ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើលោក ឌឿន សុវណ្ណ នោះ គឺជនជាប់ចោទឈ្មោះ ឌឿន សុវណ្ណ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀលក្នុងបទសម្លុតគំរាម តាមបញ្ញត្តិមាត្រា៦០៧ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ក្នុងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ តាមបញ្ញត្តិមាត្រា៦០៩នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើររឿងរបស់លោក ឌឿន សុវណ្ណ ដែលធ្វើឲ្យបុរសខ្លាំងប្រតិកម្ម"ឆេះដុំ"ជាសាធារណៈក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២កន្លងមក គឺបន្ទាប់ពីលោក ឌឿន សុវណ្ណ កាលនៅមានអំណាចបានធ្វើលិខិតចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ស្នើសុំទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ អភិបាលស្រុកវាលវែង និងមេឃុំថ្មដា ឲ្យជួយសម្រួលដល់ក្រុមយុវជនស្ម័គ្រចិត្តរបស់បុរសខ្លាំង និងក្រុមអ្នកបច្ចេកទេសចុះវាស់វែងដីធ្លីជូនប្រពន្ធរបស់គាត់ ដែលអះអាងថា បានទិញពីប្រជាពលរដ្ឋចំនួន៩គ្រួសារនាអំឡុងឆ្នាំ២០០៨ ។ ខ្លឹមសារលិខិតរបស់លោក ឌឿន សុវណ្ណ បានបញ្ជាក់ថា "ប្រសិនបើដីធ្លីនោះមិនព្រមដោះស្រាយ ឬវាស់វែងឲ្យភរិយារបស់លោកទេ មានតែប្តឹងទៅតុលាការ ដើម្បីទាមទារប្រាក់ពីប្រជាពលរដ្ឋចំនួន៩គ្រួសារនោះមកវិញ ដែលក្នុងនោះក៏មានប្រធានវរយោធាព្រំដែនប្រចាំឃុំថ្មដា ប្រធានវរនគរបាលជាតិប្រចាំការនៅឃុំថ្មដា មានការពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះរឿងវិវាទលក់ដីធ្លីនេះដែរ ។ ដើម្បីជៀសវាងកុំឲ្យមានការប្តឹងផ្តល់ទៅតុលាការរវាងភរិយារបស់លោក និងប្រជាពលរដ្ឋចំនួន៩គ្រួសារ សូមស្នើឲ្យអាជ្ញាធរជួយសម្រួលនិងដោះស្រាយ" ។
អំពើរបស់លោក ឌឿន សុវណ្ណ កាលនៅមានអំណាចនោះត្រូវបានបុរសខ្លាំងជានាយករដ្ឋមន្ត្រីបញ្ចេញប្រតិកម្ម"ឆេះដុំ"ថា ជំហានដំបូងរាជរដ្ឋាភិបាលនឹងចាត់វិធានការរដ្ឋបាលដកហូតតំណែង និងដកបុណ្យស័ក្តិទាំងអស់ រួចហើយប្រគល់ឲ្យឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដំណើរការរឿងក្តីទៅតុលាការ ។ ប្រសិនសាមីខ្លួនហ៊ានច្រឡោងខាមនឹងជាប់ខ្នោះដៃភ្លាម ។ លើសពីនេះ បុរសខ្លាំងក៏បានចេញបញ្ជាឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើការស៊ើបអង្កេតទៅលើលោក ឌឿន សុវណ្ណ បើហ៊ានរត់ត្រូវចាប់ខ្លួនភ្លាម ពីព្រោះរឿងរ៉ាវកំពុងឋិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរនៅឡើយ ។
ដោយឡែក របាយការណ៍លេខពិសេសចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស ដឹងឮដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលគោរពរាយការណ៍ជូនបុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់បុរសខ្លាំង អំពីករណីវិវាទរវាងលោកឧត្តមសេនីយ៍ទោយោធា ជា តារា នាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្សប្រចាំការដឹកនាំបញ្ជាអាវុធគាំទ្រនៅទិសជួរមុខសមរភូមិប្រាសាទព្រះវិហារ និងលោក ឌឿន សុវណ្ណ នោះ បានអះអាងថា "លោក ឌឿន សុវណ្ណ ដែលត្រូវបានរាជរដ្ឋាភិបាលដកបុណ្យស័ក្តិ និងបណ្តេញចេញពីកងកម្លាំងនគរបាលជាតិ នៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ព្រោះជាមនុស្សដែលមានការស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយឯកឧត្តម ជីវ កេង ដូច្នេះហើយទើបរឿងអ្វីៗដែលលោក ឌឿន សុវណ្ណ បានប្តឹងពុំដែលបរាជ័យទេ" ។
យោងតាមការអះអាងរបស់មេទាហានបុរសខ្លាំងដែលបានគោរពរាយការណ៍ជូនបុរសខ្លាំង និងភរិយាបុរសខ្លាំង ដោយសារលោក ឌឿន សុវណ្ណ ជាមនុស្សស្និទ្ធស្នាលនឹងឯកឧត្តម ជីវ កេង អតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញ (បច្ចុប្បន្នជាអនុប្រធានតុលាការកំពូល) មានឥទ្ធិពលខ្លាំងក្នុងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដូច្នេះសំណុំរឿងក្តីអតីតផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ មានឈ្មោះជាជនជាប់ចោទដែលកប់បាត់ស្ងាត់ឈឹងនៅសាលាដំបូងរាជធានីភ្នំពេញនោះ គឺទំនងជាអាចមានការពាក់ព័ន្ធយ៉ាងជ្រៅជាមួយឯកឧត្តម ជីវ កេង ជាចៅក្រមមានឥទ្ធិពលមហិមានៅក្នុងស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកជូនថា លោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ធ្លាប់ទទួលបានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) នៅខែមិថុនា ឆ្នាំ២០០៨, ទទួលបានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)នៅខែសីហា ឆ្នាំ២០០៨(ប្រមាណ២ខែក្រោយ) ទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការនៅខែធ្នូ ឆ្នាំ២០០៨ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)នៅខែឧសភា ឆ្នាំ២០១១ ។ ទីបំផុតព្រោះតែឈ្លក់នឹងអំណាច ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងបញ្ឈប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃ ក្លាយជាជនសាមញ្ញវិញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ។
មជ្ឈដ្ឋានអ្នកតាមដានរឿងក្តីពាក់ព័ន្ធនឹងអតីតផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ សំណូមពរចំពោះបុរសខ្លាំង និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចាប់អារម្មណ៍ និងមានវិធានការទៅលើសំណុំរឿងក្តីនេះដែលកប់បាត់ស្ងាត់ឈឹងដូចចោរលួចសេះនៅស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ អតីតគ្រប់គ្រងអំណាចដោយឯកឧត្តម ជីវ កេង ជាប្រធានជិត១០ឆ្នាំនោះផង ដើម្បីបង្ហាញអំពីភាពប្រាកដប្រជារបស់បុរសខ្លាំង ក្នុងនាមជានាយករដ្ឋមន្ត្រី ប្រសើរជាងនិយាយចោលឥតប្រយោជន៍ ៕
Source from: www.dtn7.com

Loading...
Loading...