ក្រសួងមហាផ្ទៃកំណត់យកថ្លៃអាករធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ម៉ឺនរៀល
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងមួយស្តីពីការយកថ្លៃអាករលើការធ្វើអត្តសញ្ញាណប័ណ្ណជាតិខ្មែរថ្មី និងការសុំធ្វើទុតិយតាត្រូវបានកំណត់ចំនួន១០.០០០(មួយម៉ឺន)រៀល ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ខាងមុខតទៅ ។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានពន្យល់អំពីការយកថ្ងៃអាករលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថា គឺដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋក្នុងការចំណាយថវិកាជាតិសម្រាប់កិច្ចដំណើរការការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកន្លងមករាល់ការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋ និងដើម្បីជួយគាំទ្រ និងធានានិរន្តរភាពដល់ដំណើរការការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដែលជាគុណប្រយោជន៍ដល់ថវិកាជាតិ ។
ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព សូមមេត្តាចូលរួមគាំទ្រដល់ដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណនេះតាមរយៈការទៅធ្វើអត្តសញ្ញាណប៍ណ្ណសញ្ជាតិខ្មែរដោយស្មារតីស្ម័គ្រចិត្ត ដើម្បីធានាបានសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនផ្ទាល់ ក្នុងការបំពេញទម្រង់បែបបទនានាទៅតាមច្បាប់កំណត់ និងបង់ថ្លៃអាករអត្តសញ្ញាណប័ណ្ណតាមតម្លៃដែលបានកំណត់ ៕
Source from: www.dtn7.com

Loading...
Loading...