កូនប្រុសស្នងការរងខេត្តសៀមរាប ផឹកស្រវឹងធ្លាក់ភ្នែក បើកឡានទំនើប បុកបង្កាន់ដៃស្ពាន
ខេត្តសៀមរាប ៖ កូនប្រុសលោកស្នងការរង នគរបាលខេត្ដសៀមរាប បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំ បានបើករថយន្ដកាមរី ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃ ស្ពានបេតុងមួយកន្លែង បាក់អស់មួយចំហៀងកាលពីវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦៤ ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
ករណីនេះមន្ត្រីជំនាញ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប បានចាត់ជំនាញរបស់ខ្លួនឱ្យចុះ ទៅធ្វើកំណត់ហេតុជាក់ស្ដែង បង្ខំឱ្យអ្នកបង្កសងការខូចខាត ទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋទៅតាមច្បាប់ផងដែរ។ រថយន្តបង្កម៉ាក កាមរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២J-៦៦០៦ មានមនុស្សជិះ នៅក្នុងនោះចំនួន នាក់ ក្នុងនោះមានស្រីស្រស់ស្អាតម្នាក់ផង បានបើកបរពីទិសកើតទៅលិច ហើយជិះមកបុកបង្កាន់ដៃ ស្ពានថ្មមួយកន្លែង បណ្តាលឲ្យបាក់បង្កាន់ដៃស្ពាន មួយចំហៀងផ្នែកខាងជើង។
ក្នុងចំណោម ៤នាក់ នៅក្នុងរថយន្ដទំនើប ម៉ាកក្រពើនោះ គេស្គាល់ថា ម្នាក់ឈ្មោះ ថង វណ្ណឌី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប ជាអ្នកបើកបររថយន្ដ ហើយជាម្ចាស់រថយន្ដ។ ឈ្មោះ ថង វណ្ណឌី ជាកូនប្រុសបង្កើតរបស់ លោកវរសេនីយ៍ឯក ថង សាគុណ ស្នងការរងនគរបាល ត្ដសៀមរាប ទទួលបន្ទុកយុត្ដិធម៌។ ទី២ ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម រងគ្រោះបាក់ជើងខាងស្ដាំ។ ទី៣ ឈ្មោះ កែវ សុធី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប និងទី៤ ជាស្រីវ័យក្មេងម្នាក់ ដែលគេពុំស្គាល់ឈ្មោះ និងរស់នៅទីណាឡើយ។
មុនពេលកើតហេតុ ឈ្មោះ ថង វណ្ណឌី រួមជាមួយមិត្ដភក្តិ បានជិះឡានដឹកគ្នា ទៅផឹកស៊ីនៅរមណីដ្ឋាន បឹងត្រាវកុដិ ស្ថិតនៅឃុំបន្លាំង ស្រុកប្រាសាទបាគង ដែលរមណីយដ្ឋាននោះស្ថិតនៅជាប់មជ្ឈមណ្ឌលជនពិការ គូលែន៣១៧។ បន្ទាប់ពីផឹកស៊ី នៅរមណីយដ្ឋាននោះហើយក្រុមខាងលើ បានបន្ដដំណើរទៅផឹកស៊ី នៅក្នុងចំការរបស់ឈ្មោះ ហាក់ សុជា ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ហើយពេលធ្វើដំណើរ ចូលមកក្រុងខេត្ដសៀមរាបវិញ បានជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់អស់មួយចំហៀង ហើយរថយន្ដទំនើប ក៏បានខូចខាតយ៉ាងដំណំ ត្រូវបានគេស្ទូចយកមកកាន់ខេត្ដសៀមរាប សូម្បីតែសមត្ថកិច្ចក៏មិនដឹងថា រថយន្ដបង្កយកទៅទុកនៅទីណានោះដែរ៕
Source from: watphnom-news.com

Loading...
Loading...