រអិលឡានធ្លាក់ចូលទឹកទន្លេ ពេលបើកចុះសាឡាងអ្នកលឿង ផ្តាច់ជីវិតលោកជំទាវ ២នាក់
ខេត្តកណ្តាល ៖ ឡានហ៊ីលុច្សមួយបាំងកន្លះមួយគ្រឿង បានបើកចុះសាឡាងអ្នកលឿង ទំនងជាមានបញ្ហា យកហ្វ្រាំងមិនជាប់ បានរអិលថយក្រោយធ្លាក់ចូលទឹកទន្លេ ធ្វើឲ្យស្ត្រីវ័យចំណាស់ជាលោកជំទាវ ២នាក់ ដែលម្នាក់ជាភរិយាសមាជិកព្រឹទ្ធសភា និងម្នាក់ទៀត ជាភរិយាថៅកែកាស៊ីណូ បានស្លាប់និង ៣នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង ៩និង៤៥ នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅកំពង់ចម្លងសាឡាង ត្រើយខាងលិច ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះដែលជិះក្នុងរថយន្ត មានឈ្មោះ ងី សារុន ភេទស្រី អាយុ ៦៤ឆ្នាំ មានទីលំនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត ត្រូវជាភរិយារបស់លោក តូច សាក់ សមាជិកព្រឹទ្ធសភា និងម្នាក់ទៀតឈ្មោះ ភាព ទូច ភេទស្រី អាយុ ៥៣ឆ្នាំ ជាអាជីវករ និងជាប្រពន្ធថៅកែកាស៊ីណូ នៅច្រកអន្តរជាតិ មានទីលំនៅ ភូមិព្រែកខ្សាយ(ខ) ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់។ ចំណែកអ្នកបើកបររថយន្ត ពុំស្គាល់អត្តសញ្ញណទេ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ដោយបើករថយន្តម៉ាក តូយូតាHILUX ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 2A-0199 ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តខាងលើ បានបើកបរពីភ្នំពេញទៅអ្នកលឿង ហើយពេលចុះ កំពង់សាឡាងអ្នកលឿង ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី ហើយដោយសារ អ្នកគ្រប់គ្រងសាឡាង មានការធ្វេសប្រហែស មិនយកកំណល់មកកល់ ទើបបណ្តាលឲ្យរថយន្តខាងលើ ជ្រុលទៅក្រោយ សាឡាងម្ខាងទៀត បណ្តាលឲ្យធ្លាក់ចូលទឹកទន្លេ ធ្វើឲ្យស្លាប់លោកជំទាវ ២នាក់ និង ៣នាក់ទៀត រងរបួសធ្ងន់តែម្តង។ ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ចំណែកសពជនរងគ្រោះទាំង២ សមត្ថកិច្ចបានប្រគល់ឲ្យ សាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
Source from: watphnom-news.com

Loading...
Loading...