ឡានដឹកសាំងគេចពន្ធរបស់ថៅកែ ទ្រី បើកបុកអ្នកដំណើរ ប៉ើងធ្លាក់ពីផ្លូវរងរបួសធ្ងន់
ខេត្តកំពត ៖ រថយន្តដឹកប្រេងគេចពន្ធ បានបើកបុកបុរសម្នាក់ យ៉ាងពេញទំហឹង ខណៈដែលកំពុង ដើរលើចិញ្ចើមថ្នល់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិទទឹងថ្ងៃ សង្កាត់អណ្តូងខ្មែរ ក្រុងកំពតកាលពីម៉ោងជាង ៧យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤។
មុនពេលគ្រោះថ្នាក់កើតឡើង គេឃើញជនរងគ្រោះ កំពុងដើលើចិញ្ចើមផ្លូវ ផ្នែកខាងស្តាំដៃរបស់ខ្លួន ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្ត កាមរីចង្កូតស្តាំមួយគ្រឿង បើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតបុកបុរសរូបនោះ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទាត ផ្លោងបោកខ្លួនលើថ្នល់ និងរមៀលជាច្រើនត្រឡប់ ធ្លាក់ផុតឆ្ងាយពីផ្លូវ។
រថយន្តបង្កបានឈប់នៅ ចម្ងាយប្រហែល ៣០ម៉ែត្រ ពីកន្លែងកើតហេតុ ទើបអ្នកជិតខាងជួយឃាត់អ្នកបើកបរ ទុកប្រគល់ជូនសមត្ថកិច្ច។ ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ បែកមុខមាត់ និងបែកក្បាល ហូរឈាមជោកខ្លួន ត្រូវអ្នកភូមិហៅរថយន្តសង្គ្រោះ មកដឹកយបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ រថយន្តដឹកប្រេងគេចពន្ធនេះ ត្រូវគេស្គាល់ថា ជារបស់ថៅកែឈ្មោះទ្រី ជាម្ចាស់ភោជនីយដ្ឋានហេង រ៉ាទី មានទីតាំងនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលជាឈ្មួញរកស៊ី ដឹកប្រេងសាំងគេចពន្ធ យូរឆ្នាំមកហើយ គ្មាននរណាហ៊ានប៉ះពាល់ទេ៕
Source from: watphnom-news.com

Loading...
Loading...