ជញ្ជីងថ្លឹងឡានផ្ទុកលើសទម្ងន់ របស់លោក ខឹម រមណី ក្លាយជាកុងត្រូលជជុះថ្លឹងលុយ និងជាដើមហេតុនាំឲ្យបក្សប្រជាជន ខាតសន្លឹកឆ្នោត
ខេត្តរតនគិរី ៖ ទីតាំងជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ស្ថិតក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់លោក ខឹម រមណី កំពុងក្លាយជាទីតាំងជញ្ជីងថ្លឹងលុយ និងថ្លឹងតៃកុងឡាន តាមតែទំនើងចិត្តមិនដែលខ្វល់ខ្វាយពីការ ដឹកជញ្ជូនលើសទម្ងន់ បំផ្លាញផ្លូវស្ពាននោះទេ ហើយលោក ខឹម រមណី បានចាត់តាំងមន្ត្រីជំនិតៗ របស់ខ្លួនឲ្យចាំប្រមូលលុយ ពីក្បាលឡានដឹកជញ្ជូនលើសទម្ងន់ មិនដែលក្រែងញញើតពីច្បាប់ទម្លាប់ ឬការរឹតបន្តឹងរបស់ថ្នាក់លើនោះទេ ធ្វើយ៉ាងណាឲ្យតែពួកគេ អាចប្រមូលលុយយកមកចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ក្រុមអ្នករកស៊ីដឹកជញ្ជូនកសិផល មានដំឡូងមីជាដើម ចេញទៅលក់នៅស្រុកយួន តាមច្រកអន្តរជាតិអូរយ៉ាដាវ បានលើកឡើងថា ទីតាំងជញ្ជីងថ្លឹងរថយន្ត របស់លោក ខឹម រមណី បានដាក់ប៉ុស្តិ៍ជជុះ ឡើងដុះស្លែទៅហើយ នៅក្បែរច្រកអន្តរជាតិអូរយ៉ាដាវ ចាំប្រមូលលុយពីក្បាលឡានដឹកទំនិញ ផ្ទុកលើសទម្ងន់ ជាពិសេសឡានក្រុមឈ្មួញ ដឹកឈើប្រណីត ត្រូវមន្ត្រីរបស់លោក ខឹម រមណី កោសរូសបង្ខំឲ្យបង់លុយ តាមតែទំនើងចិត្ត។ ជាគោលការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចឲ្យមានទីតាំងជញ្ជីងថ្លឹងរថយន្ត ចល័តចុះឡើងនៅតាមដងផ្លូវ ដែលប្រឈមនឹងការដឹកជញ្ជូន លើសទម្ងន់ដោយចាត់វិធានការដាក់ពិន័យ បង្ខំឲ្យធ្វើកិច្ចសន្យាឈប់ផ្ទុកលើសទម្ងន់ និងត្រូវរុះរើទំនិញដែលលើសទម្ងន់ កុំឲ្យខូចខាតផ្លូវស្ពាន។
ប៉ុន្តែការអនុវត្តជាក់ស្តែង មន្ត្រីរបស់លោក ខឹម រមណី បានត្រឹមតែកំណត់តម្លៃ ឲ្យរថយន្តផ្ទុកលើសទម្ងន់ បង់លុយថ្លៃក្បាលឡាន ជាហូរហែទៅតាមរថយន្តតូចឬធំ ដូចជារថយន្តយីឌុបភ្លៅ៥ ត្រូវបង់ឲ្យក្រុមជញ្ជីងចាប់ពី ១០ម៉ឺនរៀលឡើងទៅ ទោះបីជាផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់ក៏ដោយ សុទ្ធតែជាប់កាតព្វកិច្ច ចូលបង់លុយទាំងអស់ បើមិនមិនដូច្នេះទេ កុំសង្ឃឹមថា រថយន្តដឹកលើសទម្ងន់ទាំងនោះ អាចវិលកង់ទៅមុខរួចឲ្យសោះ។ មានការបញ្ជាក់ផងដែរថា ក្រុមជញ្ជីងថ្លឹងរថយន្ត របស់លោក ខឹម រមណី បានធ្វើសកម្មភាព មិនខុសពីកុងត្រូលជជុះប៉ុន្មានទេ ក្នុងការកោសរូសបង្ខំឲ្យ ប្រជាពលរដ្ឋរកស៊ី ដឹកជញ្ជូនកសិផលចេញទៅលក់ នៅស្រុកយួន បង់លុយទៅតាមតែបបូរមាត់ របស់ពួកគេ មិនដែលក្រែងញញើត ពីចំណាត់ការរបស់ អង្គភាពប្រឆាំង អំពើពុករលួយនោះទេ ហើយរាល់ការបង់លុយ មិនមានលិខិតស្នាមឬវិក្កយបត្រ បញ្ជាក់ត្រឹមត្រូវនោះទេ អាចចាត់ទុកជាអំពើពុករលួយ។
សម្រាប់ក្រុមអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុកលើសទម្ងន់ ប្រើប្រាស់សុទ្ធតែរថយន្តយីឌុបខ្នាតយក្ស ចេញទៅលក់នៅស្រុកយួន ដោយបើកបរឆ្លងកាត់ ទីតាំងជញ្ជីងថ្លឹងរថយន្ត របស់លោក ខឹម រមណី ក៏រងនូវការកោសរូស ឲ្យបង់លុយក្នុងកម្រិតខ្ពស់ ហើយដើម្បីកុំឲ្យមានបញ្ហា ឈ្មួញនិងក្រុមហ៊ុន ដឹកជញ្ជូនឈើខុសច្បាប់មួយចំនួន ចេះតែទ្រាំបង់លុយ ឲ្យមន្ត្រីរបស់លោក ខឹម រមណី ទាំងទើសទាល់ ព្រោះការដឹកជញ្ជូនឈើខុសច្បាប់ ប្រឈមនឹងហានិភ័យខ្លាំងណាស់។ លោក ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន គួរពិនិត្យភាពអសកម្ម នៃក្រុមជញ្ជីងថ្លឹងរថយន្ត ក្រោមបញ្ជារបស់លោក ខឹម រមណី ឡើងវិញផង ព្រោះភាពអនាធិបតេយ្យបែបនេះ ធ្លាប់ធ្វើឲ្យគណបក្សប្រជាជន ចាញ់ឆ្នោតយ៉ាងអាម៉ាស់មុខ កាលពីខែកក្កដា ឆ្នាំ២០១៣ ម្តងហើយ មិនគួរមើលរំលងទៀតទេ៕
Source from: watphnom-news.com

Loading...
Loading...