លោក ជុន លឹមហាន ពង្រាយប៉ូលីសសេដ្ឋកិច្ចក្រសួង ឲ្យប្រមូលលុយពីអ្នករកស៊ីដឹកទំនិញ តាមផ្លូវជាតិលេខ៤ យ៉ាងប្រសេចប្រសាច
រាជធានីភ្នំពេញ ៖ លោក ជុន លឹមហាន មានឆ្អឹងអណ្តែតក្នុងការចាយលុយ ជ្រែយកតំណែងជា មេប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំផ្លូវជាតិលេខ៤ មានខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បង្កភាពអនាធិបតេយ្យ ក្នុងការដាក់ប៉ុស្តិ៍ជជុះគាបជំរិត បង្ខំឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញបង់លុយ ទៅតាមតែទំនើងចិត្ត។ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បានលើកឡើងថា កម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលចុះឈរជើង ប្រចាំផ្លូវជាតិលេខ៤ ជំនាន់មុន មិនដែលកោសរូស បង្ខំឲ្យពួកគាត់បង់លុយនោះទេ គឺឲ្យថ្លៃបាយប៉ុន្មាន ពួកគាត់យកប៉ុណ្ណឹង ប៉ុន្តែនគរបាលសេដ្ឋកិច្ចក្រសួងក្រុមថ្មី របស់លោក ជុន លឹមហាន បានគាបជំរិតកោសរូសបង្ខំ ឲ្យក្រុមអ្នករកស៊ីដឹកទំនិញបង់លុយ ដោយគ្មានការយោគយល់អ្វីឡើយ។
អ្នករកស៊ីដឹកទំនិញជាទូទៅ ត្រូវទំនាក់ទំនងសុំការយោគយល់ ឬសុំស្គាល់មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលចុះប្រចាំផ្លូវជាតិលេខ៤ ពោលគឺចាប់តាំងពីលោក ជុន លឹមហាន មានឆ្អឹងអណ្តែត បានទៅកាន់ផ្លូវជាតិលេខ៤ គាត់មានឱកាសប្រមូល ឈ្មួញទាំងតូចទាំងធំឲ្យតម្រង់ជួរ ចូលបង់លុយ ជាថ្នូរនៃការមិនរំខាន ការរកស៊ីដឹកជញ្ជូនទំនិញ គ្រប់ប្រភេទ។ រថយន្តដឹកទំនិញទាំងខុសច្បាប់ និងស្របច្បាប់ មកពីខេត្តកោះកុង និងខេត្តព្រះសីហនុ ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ រាប់រយគ្រឿងក្នុងមួយថ្ងៃៗ សុទ្ធតែជាប់កាតព្វកិច្ច ចូលបង់លុយឲ្យមន្ត្រីរបស់លោក ជុន លឹមហាន ដែលដាក់ប៉ុស្តិ៍ជជុះ ប្រចាំការទាំងយប់ទាំងថ្ងៃ នៅក្បែរផ្លូវបំបែកស្រែអំបិល និងនៅក្បែរផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ហើយទីតាំងប៉ុស្តិ៍ជជុះដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្បែរផ្សារឧដុង្គ តាមផ្លូវជាតិលេខ៥ នៃខេត្តកំពង់ស្ពឺ។
ក្រុមឈ្មួញមួយចំនួនបានលើកឡើងថា ពួកគាត់រកស៊ីដឹកជញ្ជូនទំនិញបន្តិចបន្តួច ក៏ត្រូវកូនចៅរបស់លោក ជុន លឹមហាន តម្រូវឲ្យបង់លុយប្រចាំខែរាប់រយដុល្លារ សុំចុះថ្លៃក៏គេមិនព្រមដោយលើកឡើងថា ត្រូវបង់ថ្លៃប៉ុស្តិ៍អស់ច្រើនណាស់ និងត្រូវឡើងលុយជូនមេ ឲ្យទាន់ពេលវេលា បើមិនដូច្នេះទេ គេនឹងដកចេញពីប៉ុស្តិ៍ ដាក់ជំនួសអ្នកផ្សេង ដែលពូកែកាប់ដាវ រកលុយបង់ជូនមេ។ មន្ត្រីនគរបាលសេដ្ឋកិច្ច មួយចំនួនដែលចុះប្រចាំការ តាមផ្លូវជាតិសំខាន់ៗ សុទ្ធតែចំណាយលុយទិញប៉ុស្តិ៍ បន្តពីលោក ជុន លឹមហាន ដូច្នេះពួកគេត្រូវបង្កព្យុះភ្លៀង តាមទំនើងចិត្ត ដើម្បីមានលុយគ្រប់ចំនួន យកទៅបង់ជូនមេ ថ្លៃទិញប៉ុស្តិ៍ឲ្យបានទាន់ពេលវេលា ដែលតាមពិតទៅមន្ត្រីថ្នាក់ក្រោមទាំងនោះ មិនសូវសល់ប្រាក់យកទៅផ្ទះប៉ុន្មានទេ។
យ៉ាងណាក៏ដោយ លោក ជុន លឹមហាន កំពុងបង្កព្យុះភ្លៀង ធ្វើឲ្យអ្នករកស៊ីទាំងតូចទាំងធំ ក្តៅក្រហាយយ៉ាងខ្លាំង ចំពោះអំពើកោសរូស បង្ខំឲ្យអ្នករកស៊ី ដឹកទំនិញបង់លុយ តាមតែអំពើចិត្ត ហើយគេចង់ឃើញ អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលលក្ខណៈសម្បត្តិ របស់លោក ជុន លឹមហាន ឡើងវិញផង ព្រោះតាមខ្លឹមសារ នៃលិខិតបញ្ជាបេសកកម្ម នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទាំងអស់ មានតួនាទីចុះស្រាវជ្រាវ ស្រង់ទិន្នន័យពីបទល្មើសសេដ្ឋកិច្ច រាយការណ៍ជូនថ្នាក់លើ ឬសុំកម្លាំងសហការ ដើម្បីបង្ក្រាបបទល្មើសទាំងនោះ។ ប៉ុន្តែជាទូទៅ កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បែរជាធ្វើអ្វីៗតាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយពីបទបញ្ជារបស់ថ្នាក់លើនោះទេ។
មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា អតីតកាលលោក ជុន លឹមហាន គឺជាមន្ត្រីយោធា ហើយបានពឹងផ្អែកខ្សែទុយោរបស់គាត់ រត់ការផ្ទេរក្របខ័ណ្ឌ មកធ្វើជាមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ហើយព្យាយាមចាយលុយ គ្រប់បែបយ៉ាង រហូតឡើងធ្វើជាមេនគរលបាលសេដ្ឋកិច្ចក្រសួង ប្រចាំផ្លូវជាតិលេខ៤ ទីដែលមានការដឹកជញ្ជូនទំនិញ និងឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេង និងជាប្រភពចំណូលច្រើនសម្បើម ហើយលោក ជុន លឹមហាន ក៏ចាប់ផ្តើមរីកមុខរីកថ្លើម មានសិទ្ធិអំណាចបង្កព្យុះភ្លៀង កោសរូសអ្នករកស៊ីដឹកទំនិញ ឲ្យបង់លុយតាមអំពើចិត្ត ៕
Source from: watphnom-news.com

Loading...
Loading...