ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺរួមដៃជាមួយគូកនប្រព្រឹត្តអំពើពុករលួយយ៉ាងល្បីល្បាញ
មន្ត្រីរាជការបេម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ បានបង្ហើបប្រាប់ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺលោកប្រធានមន្ទីរ សម សោភ័ណ្ឌ បានរួមដៃគ្នាជាមួយលោកស្រី ច័ន្ទ រតនា ជាប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រព្រឹត្តអំពើពុករលួយលើការកាត់ប្រាក់ខែគ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យា និងថវិកាជាតិជំពូក៦២ លើការទូទាត់សោហ៊ុយក្នុងប្រទេស(បេសកកម្ម) និងថវិកាជាតិជំពូក៦៤លើប្រាក់វិភាជន៍សង្គម ដូចជា មន្ត្រីមានជំងឺ និងអ្នកសម្រាលកូន ជាដើម ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅឆ្នាំ២០១៣កន្លងទៅ គ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យាជាង១០០អង្គ/នាក់ ត្រូវទទួលបានប្រាក់ខែចំនួន១.៤០០.០០០រៀលក្នុង១អង្គ/នាក់ ប៉ុន្តែត្រូវបានលោកស្រី ច័ន្ទ រតនា តាមបញ្ជារបស់លោក សម សោភ័ណ្ឌ ជាប្រធានមន្ទីរ ធ្វើការកាត់កងយកអស់ចំនួនយ៉ាងតិច៦០០.០០០រៀលក្នុង១អង្គ/នាក់ ។
នៅឆ្នាំ២០១៣ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ បានចំណាយថវិកាជាតិអស់ចំនួន៥៧៧.៧៧៥.៩៧២រៀល ក្នុងនោះចំណាយលើជំពូក៦០ អស់ចំនួន៦៤.៤១៧.៤៤០រៀល(ចំណាយលើប្រេងឥន្ធនៈនិងប្រេងរំអិលចំនួន១៩.៦៣៤.៤០០រៀល, ចំណាយលើសម្ភារៈផ្គត់ផ្គង់រដ្ឋបាលចំនួន១៤.២៧០.០០០រៀល, ចំណាយលើសម្ភារៈនិងបរិក្ខារចំនួន១៩.៦៣០.០០០រៀល និងចំណាយលើទឹកនិងអគ្គិសនីចំនួន១០.៨៨៣.០៤០រៀល) ។ ចំណាយលើជំពូក៦១អស់ចំនួន៥៩.០០០.០០០រៀល ដែលជាការចំណាយលើផ្នែកថែទាំ និងជួសជុលអគារ ។ ចំណាយលើជំពូក៦២អស់ចំនួន២៣.៦៧៨.៣៣៤រៀល(ចំណាយលើផ្នែកទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយចំនួន៦.៤៤៥.០០០រៀល និងចំណាយលើបេសកកម្មចំនួន១៣.៤០០.០០០រៀល ខណៈដែលមន្ទីរមួយនេះកម្រមានបេសកកម្មចេញក្រៅខេត្តណាស់ គឺទឹកប្រាក់នេះជាតួលេខដែលត្រូវបានបំប៉ោងសម្រាប់យកមកដាក់ហោប៉ៅផ្ទាល់ខ្លួន និងគូកន) ។ ចំណាយលើជំពូក៦៤ អស់ចំនួន៤៣០.៦៨០.១៩៨រៀល(ចំណាយលើប្រាក់លាភការ និងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ចំនួន២០៣.៤៩១.១៩៨រៀល, ចំណាយលើប្រាក់លាភការ និងប្រាក់បំណាច់បុគ្គលិកក្រៅក្របខ័ណ្ឌ និងបុគ្គលិកអណ្តែតចំនួន២០៣.៥៦០.០០០រៀល និងចំណាយលើប្រាក់វិភាជន៍សង្គមចំនួន២៣.៦២៩.០០០រៀល ខណៈដែលការចំណាយលើមន្ត្រីមានជំងឺ និងឧបត្ថម្ភអ្នកសម្រាលកូនមានទឹកប្រាក់ចំនួន២០.៨០០.០០០រៀល ប៉ុន្តែមន្ត្រីក្របខ័ណ្ឌក្នុងមន្ទីរមានចំនួនជាង៣០នាក់ ទទួលបានប្រាក់ឧបត្ថម្ភប្រមាណ១០នាក់ ហើយម្នាក់ៗទទួលបានការឧបត្ថម្ភយ៉ាងច្រើនត្រឹម៧០០.០០០រៀលប៉ុណ្ណោះ រីឯទឹកប្រាក់នៅសល់ជាង១០លានរៀលទៀត ធ្លាក់ក្នុងហោប៉ៅរបស់លោកប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ) ។
ក្រុមមន្ត្រីរាជការមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការទៅលើករណីប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ និងគូកននោះផង ដើម្បីលើកទឹកចិត្តដល់ការបំពេញការងាររបស់មន្ត្រីរាជការទាំងមូល ។
គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក សម សោភ័ណ្ឌ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ និងលោកស្រី ច័ន្ទ រតនា ជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុរបស់មន្ទីរ បាននៅឡើយទេ ទាក់ទងនឹងការចោទប្រកាន់របស់មន្ត្រីរាជការបម្រើការងារនៅក្នុងមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺនោះ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ ៕
Source from: www.dtn7.com

Loading...
Loading...