ឃាតកម្មដ៏ឃោរឃៅមួយគឺប្តីជាប៉េអឹមម្នាក់បាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅកណ្តាលផ្សារ
មានអំពើឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យរន្ធត់មួយបានកើតឡើងនៅកណ្តាលផ្សារសូរិយាម៉ល (អតីតទីតាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) ឋិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១៦និង៥៥នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយបុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសពាក់ស័ក្តិ៣ បម្រើការងារនៅសាលាក្តីខ្មែរក្រហម បានប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់សម្លាប់ប្រពន្ធដែលទើបនឹងរៀបការបានរយៈពេលមួយឆ្នាំ ឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំង២នាក់ប្តី-ប្រពន្ធតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវបានប្តីបាញ់សម្លាប់នៅកណ្តាលផ្សារនោះ គឺមានឈ្មោះ ទក ផេង អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិពន្លកជ័យ ឃុំបន្ទាយទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ រីឯបុរសជាប្តីដែលបាញ់សម្លាប់ប្រពន្ធយ៉ាងឃោរឃៅ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះមានឈ្មោះ សោម សាន្ត ហៅឡិច វណ្ណា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសពាក់ស័ក្តិ៣ បម្រើការងារនៅសាលាក្តីខ្មែរក្រហម ។
បុរសម្នាក់ដែលត្រូវជាប្អូនរបស់បុរសចិត្តដាច់សម្លាប់ប្រពន្ធដ៏ឃោរឃៅនោះ បាននិយាយប្រាប់ឲ្យដឹងថា នៅពេលដែលខ្លួនបានទទួលទូរស័ព្ទពីបងប្រុសនាវេលាម៉ោងជាង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ខ្លួនបានឮសូរសំឡេងឈ្លោះប្រកែកគ្នារវាងបងប្រុសនិងបងស្រីដែលជាប្រពន្ធរបស់គាត់ ខណៈពេលដែលបងប្រុសទូរស័ព្ទមកនោះ គាត់មិនបាននិយាយស្តីអ្វីទេ ។
គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៃអំពើឃាតកម្មដ៏ឃោរឃៅនេះនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងចុះស្រាវជ្រាវយ៉ាងសកម្ម ៕
Source from: www.dtn7.com

Loading...
Loading...