ប៉េអឹមតាមចាប់ឧត្តមសេនីយ៍ទោយោធាម្នាក់ក្នុងករណីបាញ់ប្រហារកូនចៅ ខណៈមានអ្នករត់ការអន្តរាគមន៍យ៉ាងក្តៅគគុក
ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ឧត្តមសេនីយ៍ទោយោធាម្នាក់ជាថៅកែយានដ្ឋានជួសជុលរថយន្ត MSP ឋិតនៅតាមបណ្តោយផ្លូវលំក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលដកកាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ទៅលើកូនចៅបុគ្គលិកយានដ្ឋានរបស់ខ្លួនកាលពីវេលាម៉ោង១៧ល្ងាច នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនោះ ត្រូវបានកងកម្លាំងអាវុធហត្ថតាមប្រមាញ់ចាប់ខ្លួន ខណៈដែលករណីនេះមានអ្នកចេញមុខរត់ការអន្តរាគមន៍យ៉ាងក្តៅគគុក ដើម្បីបិទបញ្ចប់សំណុំរឿង ។
លោកឧត្តមសេនីយ៍ទោយោធាដែលត្រូវកងកម្លាំងអាវុធហត្ថតាមប្រមាញ់ចាប់ខ្លួន ព្រោះតែបានដកកាំភ្លើងបាញ់ប្រហារទៅលើកូនចៅជាបុគ្គលិកយានដ្ឋានឯកជនរបស់ខ្លួននោះ មានឈ្មោះ មុំ សោភ័ណ នាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០១៩៦១ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ។
គួររំលឹកជូនដែរថា កាលពីវេលាម៉ោង១៧ល្ងាច នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ លោកឧត្តមសេនីយ៍ទោយោធា មុំ សោភ័ណ បានខឹងសម្បាចំពោះបុគ្គលិកដែលសុំដំឡើងប្រាក់ខែ និងសុំឈប់សម្រាកពីការងារ ក៏ដកកាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ទៅលើបុគ្គលិកយានដ្ឋានជួសជុលរថយន្តឯកជនរបស់ខ្លួនម្នាក់ឈ្មោះ សន រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើកបររថយន្តនៅយានដ្ឋានជួសជុលរថយន្ត MSP ស្នាក់នៅកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសបៀមគ្រាប់ជាប់ភ្លៅខាងស្តាំចំនួន១គ្រាប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទៅចូលរួមអន្តរាគមន៍សួរនាំឡើយ បូករួមទាំងអ្នកសារព័ត៌មានក៏មិនហ៊ានថតរូបដែរ ដ្បិតសុទ្ធតែទាហាននៅឈរការពារច្រូងច្រាងក្នុងយានដ្ឋាននោះ ។
ជនរងគ្រោះឈ្មោះ សន រតនា ដែលមានស្រុកកំណើតនៅភូមិស្រែជា ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅកន្លែងកើតហេតុនៃយានដ្ឋានជួសជុលរថយន្តរបស់លោកឧត្តមសេនីយ៍យោធា មុំ សោភ័ណ នោះ បានរៀបរាប់ថា ក្រុមហ៊ុននេះមានបុគ្គលិកនិងកម្មករសុំឈប់សម្រាកពីការងារជាបន្តបន្ទាប់ ដោយសារមិនព្រមដំឡើងប្រាក់ខែជូនពួកគេ ។ ក្នុងស្ថានភាពដូច្នេះ ខ្លួនក៏បានសុំថៅកែឈប់សម្រាកពីការងារដែរ ស្រាប់តែថៅកែមួម៉ៅនឹងបុគ្គលិកឈប់ច្រើននាក់ពេកផង កំពុងខាតឡុងចុងដោយសារសមត្ថកិច្ចទើបនឹងចាប់រថយន្តផង ក៏បានដកកាំភ្លើងខ្លីបាញ់សំដៅមកលើខ្លួនចំនួន២គ្រាប់ បណ្តាលឲ្យរងរបួស១គ្រាប់ចំភ្លៅខាងស្តាំបៀមគ្រាប់ជាប់ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
សូមប្រិយមិត្តអ្នកអានរង់ចាំតាមដានមើលទាំងអស់គ្នា តើលោកឧត្តមសេនីយ៍ទោយោធា មុំ សោភ័ណ អាចប្រើប្រាស់ទឹកលុយ និងអំណាចអន្តរាគមន៍ឲ្យមានការរួចខ្លួនពីសំណាញ់ច្បាប់ ក្នុងអំពើបាញ់ប្រហារមនុស្សជាបុគ្គលិកយានដ្ឋានជួសជុលរថយន្តឯកជនរបស់ខ្លួននេះដែរឬទេ ? ៕
Source from: www.dtn7.com

Loading...
Loading...