កូនស្រីប្រធានាធិបតីរុស្ស៊ីនិងមិត្តប្រុសភៀសខ្លួនចេញពីហូល្លង់ ក្រោយមានកំហឹងខ្លាំងឡើងនៅហូល្លង់រឿងធ្លាក់យន្តហោះម៉ាឡេស៊ី
សេចក្តីរាយការណ៍ពីសារព័ត៌មានបរទេស បានឲ្យដឹងថា កូនស្រីរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺនាង Maria Putin បានរត់ភៀសខ្លួនចេញពីលំនៅឋានដ៏ល្អប្រណីតរបស់នាងជាមួយមិត្តប្រុសនៅប្រទេសហូល្លង់ ដោយសារតែមានរលកកំហឹងពុះកញ្ជ្រោលខ្លាំងឡើងនៅប្រទេសនេះ ទាក់ទងនឹងការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមួយគ្រឿងប្រភេទ Boeing777-200 មានជើងហោះហើរ MH17 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅប្រទេសអ៊ុយក្រែនកន្លងទៅ បណ្តាលឲ្យមនុស្សក្នុងយន្តហោះចំនួន២៩៨នាក់ ក្នុងនោះមានជនជាតិហូល្លង់ជិត២០០នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
នៅលើទឹកដីប្រទេសហូល្លង់ នាង Maria Putin បានរស់នៅជាមួយមិត្តប្រុសជនជាតិហូល្លង់ម្នាក់ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយគ្មានបញ្ហាអ្វីទេ ដ្បិតអ្នករស់នៅក្បែរៗលំនៅឋានដ៏ប្រណីតរបស់នាងភាគច្រើនមិនបានស្គាល់នាងឡើយ ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរនៅក្រោយពេលគេហទំព័រមួយរបស់អ៊ុយក្រែន បានផ្សព្វផ្សាយឲ្យដឹងអំពីទីកន្លែងដែលនាងរស់នៅក្នុងប្រទេសហូល្លង់ បន្ទាប់ពីមានហេតុការណ៍សោកនាដកម្មធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH17 នៅក្នុងទឹកដីអ៊ុយក្រែន ជាប់ព្រំដែនប្រទេសរុស្ស៊ី បណ្តាលឲ្យជនជាតិហូល្លង់ស្លាប់បាត់បង់ជីវិតជិត២០០នាក់ ក្នុងចំណោមមនុស្សក្នុងយន្តហោះសរុប២៩៨នាក់ ។
សោកនាដកម្មនៃការធ្លាក់យន្តហោះម៉ាឡេស៊ីមានជើងហោះហើរ MH17 នោះ ត្រូវបានមជ្ឈដ្ឋានជាច្រើនស្តីបន្ទោសទៅលើក្រុមឧទ្ទាមបះបោរបំបែករដ្ឋពីអ៊ុយក្រែនគាំទ្រដោយរុស្ស៊ី ដែលបានប្រើប្រាស់ប្រព័ន្ធមីស៊ីលផលិតនៅរុស្ស៊ីប្រភេទ BUK បាញ់ទម្លាក់យន្តហោះ ខណៈដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទំនងនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលប្រឈមនឹងការស្តីបន្ទោសចំពោះករណីធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះ ។
សារព័ត៌មាន The New York Post បានរាយការណ៍ឲ្យដឹងថា ទាក់ទងនឹងសោកនាដកម្មធ្លាក់យន្តហោះម៉ាឡេស៊ីសម្លាប់ជនជាតិហូល្លង់ជិត២០០នាក់នេះ ប្រជាពលរដ្ឋហូល្លង់មានកំហឹងក្រេវក្រោធកើនឡើងខ្លាំងហួសកម្រិតពីការគ្រប់គ្រងបានចំពោះវត្តមានរបស់នាង Maria Putin នៅប្រទេសហូល្លង់ រហូតដល់មានការអំពាវនាវឲ្យនាងចាកចេញពីប្រទេសនេះទៀតផង ។
គេហទំព័រ The Mirror បានចុះផ្សាយឲ្យដឹងថា នាង Maria Putin និងមិត្តប្រុសរបស់នាងបានរត់ភៀសខ្លួនចេញពីប្រទេសហូល្លង់ហើយ ខណៈមានសេចក្តីរាយការណ៍ខ្លះថា អ្នកទាំង២ទំនងជាបានវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញ ៕
Source from: www.dtn7.com

Loading...
Loading...