បក្សប្រឆាំងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ក្រោយពីមានការត្រូវរ៉ូវខាងនយោបាយជាមួយបក្សកាន់អំណាច
លទ្ធផលត្រូវរ៉ូវគ្នាខាងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា បន្ទាប់ពីមានកិច្ចប្រជុំនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនោះ ធ្វើឲ្យគណបក្សប្រឆាំងទទួលបានផលប្រយោជន៍ភ្លាមៗ និងជាបន្តបន្ទាប់ ដូចតទៅ ៖
១-បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចំនួន៧នាក់ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងអំពើហិង្សាកើតឡើងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោយសកម្មភាពទាមទារបើកទីលានប្រជាធិបតេយ្យឡើងវិញនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ភ្លាម ។
២-ទទួលបានមុខតំណែងនៅក្នុងរដ្ឋសភានីតិកាលទី៥ ដូចជា អនុប្រធានទី១រដ្ឋសភា និងប្រធានគណៈកម្មការចំនួន៥នៅក្នុងរដ្ឋសភា…។
៣-ប្រធានគណបក្សប្រឆាំង គឺឯកឧត្តម សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត"គ.ជ.ប" បើកកិច្ចប្រជុំយ៉ាងញាប់ដៃញាប់ជើងលើសំណើរបស់គណបក្សសង្គ្រោះជាតិ និងបានសម្រេចទទួលស្គាល់ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម តាមសេចក្តីសម្រេចលេខ២៨៨/១៤ គ.ជ.ប-ស.ស.រ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ។ល។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងបានចូលរួមមហាបាតុកម្មច្រើនលើកច្រើនសាជាមួយគណបក្សសង្គ្រោះជាតិនាពេលកន្លងមក បានសំណូមពរចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលទទួលបានផលប្រយោជន៍ក្រោយពីការត្រូវរ៉ូវគ្នាខាងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ មេត្តាកុំភ្លេចផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់វាសនាអនាគតប្រទេសជាតិឲ្យសោះ ៕
Source from: www.dtn7.com

Loading...
Loading...