អាងខ្នងបងប្រុសជានាយនគរបាលប៉ុស្តិ៍ បុរសទំនើងម្នាក់ជិះម៉ូតូអត់ស្លាកលេខផឹកស្រាស្រវឹងជេរប្រមាថសមត្ថកិច្ចពេលហៅត្រួតពិនិត្យ
កាលពីវេលាម៉ោង០២និង៤០នាទីព្រឹក នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចស្តុបផ្លូវភ្លោះផ្សារថ្មី មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានហេតុការណ៍គួរឲ្យហួសចិត្តមួយបានកើតឡើង ដោយសារបុរសម្នាក់ត្រូវជាប្អូនលោកនាយនគរបាលប៉ុស្តិ៍ចតុមុខ ផឹកស្រាស្រវឹងជោកជាំ ជិះទោចក្រយានយន្តអត់ស្លាកលេខ បានជេរប្រមាថទៅលើសមត្ថកិច្ច និងសុំឆែកឆេរលិខិតស្នាមសមត្ថកិច្ច នៅពេលដែលកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចេញល្បាតក្នុងមូលដ្ឋានឃាត់សាកសួរករណីជិះម៉ូតូអត់ពាក់ស្លាកលេខ ។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា បុរសដែលផឹកស្រាស្រវឹងជិះម៉ូតូអត់ពាក់ស្លាកលេខ និងជេរប្រមាថសមត្ថកិច្ច បង្កឲ្យប្រជាជនភ្ញាក់ផ្អើលចោមរោមមើលនោះឈ្មោះ ជុង ពេជ្រ អាយុ៣៤ឆ្នាំ ជិះម៉ូតូម៉ាក Scoopy ពណ៌ស គ្មានពាក់ស្លាកលេខ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ពេលកម្លាំងល្បាតក្នុងមូលដ្ឋានឃាត់សាកសួរបុរសរូបនោះ ដោយប្រាប់ឲ្យយកម៉ូតូទៅចកនៅចិញ្ចើមផ្លូវ បែរជាគាត់មិនស្តាប់ រឹងរូសនៅតែចតម៉ូតូកណ្តាលផ្លូវ ព្រមទាំងសុំឆែកឆេរ និងជេរប្រមាណមកលើសមត្ថកិច្ចទៅវិញ ។ នៅពេលកម្លាំងល្បាតហៅកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញឲ្យមកយកម៉ូតូបុរសរូបនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បែរជាគ្មានកម្លាំងសមត្ថកិច្ចណាមកទេ ដោយសារបុរសរូបនោះបានទូរស័ព្ទទៅកាន់បងប្រុសរបស់គេជានាយប៉ុស្តិ៍នគរបាលចតុមុខឲ្យជួយអន្តរាគមន៍ និងប្រាប់មកថា "សុទ្ធតែគ្នាឯងទេ ជួយសម្រួលទៅ" ។ ប៉ុន្តែនៅទីបំផុត កងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញមិនញញើតនឹងវប្បធម៌អន្តរាគមន៍នេះទេ ក៏បានសម្រេចនាំយកម៉ូតូរបស់បុរសទំនើងរូបនោះទៅរក្សាទុកដើម្បីដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញតាមនីតិវិធីនៃច្បាប់ ៕
Source from: www.dtn7.com

Loading...
Loading...