តើក្រុមខ្លាំងមកពីអាមេរិកឬអឺរ៉ុបដែលអាចបោះជំហានដល់វគ្គផ្តាច់ព្រ័ត្រសម្រាប់ World Cup 2014 ?
លទ្ធផលនៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៤(World Cup 2014)នៅប្រទេសប្រេស៊ីលក្នុងវគ្គ៨ក្រុម បានបង្ហាញឲ្យឃើញរួចហើយមាន៤ក្រុមដែលទទួលបានជ័យជម្នះ ឆ្លងផុតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមជម្រើសជាតិប្រេស៊ីល(ជាម្ចាស់ផ្ទះ) ក្រុមជម្រើសជាតិអាល្លឺម៉ង់, ក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមជម្រើសជាតិហូល្លង់ ។
ក្នុងចំណោមក្រុមជម្រើសជាតិទាំង៤ដែលទទួលបានជ័យជម្នះឆ្លងផុតវគ្គ៨ក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវជួបប្រកួតជាមួយគ្នាបន្តទៀត ដើម្បីឆ្ពោះទៅដល់វគ្គផ្តាច់ព្រ័ត្រ តាមកាលបរិច្ឆេទដូចខាងក្រោម ៖
គូទី១ ៖ ក្រុមជម្រើសជាតិប្រេស៊ីលប្រភពមកពីទ្វីបអាមេរិក (អាមេរិកខាងត្បូង) ជួបប្រកួតជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់(ប្រភពពមកពីទ្វីបអឺរ៉ុប) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ (ត្រូវនឹងម៉ោង០៣ព្រឹក នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ម៉ោងនៅកម្ពុជា) ៖
-ក្រុមជម្រើសជាតិប្រេស៊ីល ៖ ជាប់ចំណាត់ថ្នាក់លេខ៣របស់សហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ធ្លាប់បង្ហាញវត្តមានក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក(World Cup) ចំនួន២០លើក ។ ធ្លាប់ឈ្នះជាជើងឯកចំនួន៥លើក(ឆ្នាំ១៩៥៨, ១៩៦២,១៩៧០,១៩៩៤ និងឆ្នាំ២០០២) ជាប់ចំណាត់ថ្នាក់លេខ២ចំនួន២លើក (ឆ្នាំ១៩៥០ និងឆ្នាំ១៩៩៨) ជាប់ចំណាត់ថ្នាក់លេខ៣ចំនួន២លើក (ឆ្នាំ១៩៣៨ និងឆ្នាំ១៩៧៨)និងជាប់ចំណាត់ថ្នាក់លេខ៤ចំនួន១លើកនៅឆ្នាំ១៩៧៤ ។
-ក្រុមជម្រើសជាតិអាល្លឺម៉ង់ ៖ ជាប់ចំណាត់ថ្នាក់លេខ២របស់ FIFA ។ ធ្លាប់បង្ហាញវត្តមានក្នុងការប្រកួត World Cup ចំនួន១៥លើក ។ ធ្លាប់ឈ្នះជាជើងឯកចំនួន៣លើក(ឆ្នាំ១៩៥៤, ១៩៧៤ និងឆ្នាំ១៩៩០) ជាប់ចំណាត់ថ្នាក់លេខ២ចំនួន៤លើក(ឆ្នាំ១៩៦៦, ១៩៨២, ១៩៨៦ និងឆ្នាំ២០០២) ជាប់ចំណាត់ថ្នាក់លេខ៣ចំនួន៤លើក (ឆ្នាំ១៩៣៤, ១៩៧០,២០០៦ និងឆ្នាំ២០១០) និងជាប់ចំណាត់ថ្នាក់លេខ៤ចំនួន១លើកនៅឆ្នាំ១៩៧៨ ។
គូទី២ ៖ ក្រុមជម្រើសជាតិអាហ្សង់ទីនប្រភពពមកពីទ្វីបអាមេរិក(អាមេរិកខាងត្បូង) ជួបប្រកួតជាមួយក្រុមជម្រើសជាតិហូល្លង់(ប្រភពពមកពីទ្វីបអឺរ៉ុប) នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ (ត្រូវនឹងម៉ោង០៣ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ម៉ោងនៅកម្ពុជា) ៖
-ក្រុមជម្រើសជាតិអាហ្សង់ទីន ៖ ជាប់ចំណាត់ថ្នាក់លេខ៥របស់ FIFA ។ ធ្លាប់បង្ហាញវត្តមានក្នុងការប្រកួត World Cup ចំនួន១៥លើក ។ ធ្លាប់ឈ្នះជាជើងឯកចំនួន២លើក (ឆ្នាំ១៩៧៨ និងឆ្នាំ១៩៨៦) និងជាប់ចំណាត់ថ្នាក់លេខ២ចំនួន២លើក (១៩៣០ និងឆ្នាំ១៩៩០) ។
-ក្រុមជ្រើសជាតិហូល្លង់ ៖ ជាប់ចំណាត់ថ្នាក់លេខ១៥របស់ FIFA ។ ធ្លាប់បង្ហាញវត្តមានក្នុងការប្រកួត World Cup ចំនួន១០លើក ។ មិនដែលឈ្នះជាជើងឯក ប៉ុន្តែធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ២ចំនួន៣លើក (ឆ្នាំ១៩៧៤, ឆ្នាំ១៩៧៨ និងឆ្នាំ២០១០) និងជាប់លេខ៤ចំនួន១លើកនៅឆ្នាំ១៩៩៨ ។
សូមប្រិយមិត្តអ្នកអានដែលចូលចិត្តតាមដានទស្សនាបាល់ទាត់ សាកល្បងធ្វើការទស្សន៍ទាយទៅមើល តើក្រុមជើងខ្លាំងមកពីទ្វីបអាមេរិក ឬមកពីទ្វីបអឺរ៉ុបដែលអាចបោះជំហានឈានឆ្ពោះទៅដល់វគ្គផ្តាច់ព្រ័ត្រសម្រាប់ World Cup 2014 នេះ ? ៕
Source from: www.dtn7.com

Loading...
Loading...